ព័ត៌មានអន្តរជាតិ

Update៖ ប៉ូលីសថៃ រកឃើញមូលហេតុ និងប្រាប់ពីដំណើរ រឿងនៃការស្លាប់ភ្ញៀវ៦នាក់ ក្នុងសណ្ឋាគារផ្កាយ៥ កណ្តាលទីក្រុង បាងកក

បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បានសង្ស័យទៅលើស្ត្រីវៀតណាមម្នាក់អាយុ៥៦ឆ្នាំ ដែលមានសញ្ជាតិអាមេរិកពីបទប្រើលាយថ្នាំពុលឈ្មោះ cyanide លាយជាមួយនឹងទឹកតែ ដើម្បីបំពុលជនរួមជាតិ៥នាក់ផ្សេងទៀត នៅពេលពួកគេបានជួបគ្នានៅសណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក ដើម្បីដោះស្រាយជម្លោះហិរញ្ញវត្ថុ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nopasilp Poonsawat ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក នៅថ្ងៃពុធនេះបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Sherine Chong ជាជនជាតិវៀតណាម។

បុគ្គលិកសណ្ឋាគារបាននិយាយថា ស្រ្តីឈ្មោះ Chong បានរង់ចាំតែម្នាក់ឯងនៅក្នុងបន្ទប់លេខ ៥០២ នៅជាន់ទី ៥ នៃសណ្ឋាគារ Grand Hyatt Erawan នៅពេលដែលជនរងគ្រោះផ្សេងទៀតបានមកដល់កាលពីថ្ងៃចន្ទ ហើយមុននេះ នាងបានកុម្ម៉ង់អាហារ និងតែ ពីសេវាកម្មសណ្ឋាគារ។ នាងបានបដិសេធសំណើរឱ្យមានអ្នកបម្រើក្នុងបន្ទប់ ដោយនិយាយថានាងនឹងរៀបចំវាដោយខ្លួនឯង។

កាមេរ៉ាសុវត្ថិភាពថតបានបង្ហាញជនជាតិវៀតណាមប្រាំនាក់ផ្សេងទៀតមកដល់បន្ទប់ដោយមានអីវ៉ាន់ផងដែរ។ តាំងពីម៉ោង ២៖១៧នាទីរសៀលថ្ងៃច័ន្ទ គ្មាននរណាម្នាក់ចេញពីបន្ទប់នោះទេ។ កាលពីល្ងាចថ្ងៃអង្គារ អ្នកបម្រើម្នាក់បានរកឃើញសាកសពនៅក្នុងបន្ទប់។ ស្រ្តីឈ្មោះ Chong ក៏ស្ថិតក្នុងចំណោមពួកគេដែរ។

ឧត្តមសេនីយ៍ Nopasilp បាននិយាយថា ជនសង្ស័យបានអញ្ជើញមនុស្ស៥នាក់ទៀត ឱ្យវិនិយោគលើគម្រោងសាងសង់។ ពួកគេបានរួមបញ្ចូលប្តីប្រពន្ធមួយគូ ដែលបានបណ្តាក់ទុនស្មើនឹង ១០លានបាតនៅក្នុងគម្រោងមន្ទីរពេទ្យមួយក្នុងប្រទេសជប៉ុន។ ពេលដែលគម្រោងមិនមានការរីកចម្រើន ពួកគេបានចាត់វិធានការតាមផ្លូវច្បាប់។

អ្នកទាំងប្រាំមួយត្រូវបានគ្រោងនឹងជួបគ្នានៅតុលាការក្នុងរយៈពេលពីរសប្តាហ៍ទៀត។ ស្រ្តី Chong បានអញ្ជើញអ្នកទាំងប្រាំឱ្យជួបសម្រាប់ការចរចាក្រៅតុលាការ។ ដើមឡើយ ពួកគេមានគម្រោងទៅប្រទេសជប៉ុន ប៉ុន្តែមិនអាចជួបនៅទីនោះបាន ដោយសារបញ្ហាទិដ្ឋាការ ដូច្នេះហើយគេបែរទៅទីក្រុងបាងកក ប្រទេសថៃ។

ពួកគេបានមកដល់ទីក្រុងបាងកកនៅពេលផ្សេងគ្នា ហើយបានស្នាក់នៅបន្ទប់ផ្សេងគ្នានៅសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលស្ថិតក្នុងសង្កាត់ពាណិជ្ជកម្ម និងការទូតរបស់ទីក្រុង។

ជនជាតិវៀតណាមទាំងប្រាំនាក់នោះ ត្រូវចាកចេញនៅវេលាថ្ងៃត្រង់កាលពីថ្ងៃចន្ទ ប៉ុន្តែស្រ្តីឈ្មោះ Chong បានរក្សាទុកបន្ទប់លេខ ៥០២ ហើយបានអញ្ជើញពួកគេត្រឡប់មកវិញសម្រាប់ការពិភាក្សាជុំទៀត។ នាងបានកុម្ម៉ង់អាហារ និងតែសម្រាប់អ្នករាល់គ្នា។

នាយឧត្តមសេនីយ៍ ណុប ពិសី បាននិយាយថា សំណល់សារធាតុ cyanide ត្រូវបានរកឃើញនៅក្នុងកែវទឹកតែដែលប្រើរួចចំនួន៦ ដែលបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគារ។ ប៉ូលីសនឹងតាមដានប្រភពនៃសារធាតុពុល។

ប្រធានផ្នែកកោសល្យវិច្ច័យរបស់ប៉ូលីស ឧត្តមសេនីយ៍ Trairong Phiewphan បាននិយាយថា សារធាតុ Cyanide ក៏ត្រូវបានរកឃើញនៅក្នុងថង់តែដែលប្រមូលបានពីបន្ទប់ផងដែរ។

ជនរងគ្រោះរបស់ Chong ត្រូវបានគេស្គាល់ថាមានឈ្មោះ Dang Hung Van អាយុ ៥៥ ឆ្នាំ, Tran Dinh Phu អាយុ ៣៧ ឆ្នាំ, Nguyen Thi Phuong អាយុ ៤៦ឆ្នាំ និងប្ដីប្រពន្ធឈ្មោះ Nguyen Thi Phuong Lan អាយុ ៤៧ ឆ្នាំ និង Pham Hong Thanh អាយុ ៤៩ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា
Photo supplied

To Top