ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ ត្រូវប្រើពាក្យពេចន៍និយាយស្តី អាកប្បកិរិយា សមរម្យមួយប្រជាជន ជាពិសេស ប្រសិនបើអ្នកបើកបរអត់ល្មើសច្បាប់ ហាមហៅត្រួតពិនិត្យ ដើម្បីកុំឲ្យរំខានដល់អ្នកធ្វើដំណើរ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦៦៨នាក់ នាថ្ងៃ១៨ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេស គឺការប្រើប្រាស់ពាក្យសំដី ជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើសហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឲ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ» ។
បន្ថែមលើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានបន្តណែនាំឲ្យ នគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព នីតិវិធីការងារដោះស្រាយគ្រោះ ថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឲ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី ។
លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យា ចំណុះការិយាល័យ នគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឲ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍និង មានរបៀបរៀបរយសណ្តាប់សាធារណៈល្អ ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២៥-២០២៨ រាជរដ្ឋាភិបាលឯកភាព ជាគោលការណ៍ក្នុងការផ្តល់ ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ ក្នុងមួយឆ្នាំដោយ វាយតម្លៃជ្រើសរើស យកពីមន្ត្រីជាប់កិច្ចសន្យាដោយផ្អែក លើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រ ឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបានឧបត្ថម្ភមន្ត្រីកិច្ចសន្យា ក្នុងពិធីចំនួន ៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ ៕