ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

កំពង់ចាម ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០ នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៤ នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០ នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

កាលពិនិត្យព្យាបាលនេះ ដឹកនាំដោយ លោក ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី លោកស្រី ចម និមល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

លោក ឡេង ផល្លី បានមានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ នាឱកាសនេះ គឺសុទ្ធតែគ្រូពេទ្យមានចំណេះជំនាញច្បាស់លាស់ ដែលធ្លាប់បានទទួលការសិក្សានៅក្រៅប្រទេសផងដែរ។

ដោយឡែកចំពោះឱសថ ដែលត្រូវចែកជូនប្រជាពលរដ្ឋ សុទ្ធតែឱសថល្អៗ ប្រើប្រាស់សម្រាប់ព្យាបាលជំងឺប្រជាពលរដ្ឋយើងប្រកបដោយប្រសិទ្ធភាព ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលបានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកព្រៃឈរនេះ ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ក្នុងការពិនិត្យនិងព្យាបាលជំងឺនាពេលនេះ បើតាមផែនការគឺសម្រាប់ប្រជាពលរដ្ឋ ៥,០០០នាក់ ប៉ុន្តែប្រសិនបើមានបងប្អូនប្រជាពលរដ្ឋយើងអញ្ជើញមកពិនិត្យនិងព្យាបាលលើសពីនេះ ក្រុមគ្រូពេទ្យទទួលពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង ដោយគ្មានកំណត់។

លោកស្រី ចម និមល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថា ដោយសារអាកាសធាតុមានការប្រែប្រួល ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នទៅលើសុខភាព។

ជាពិសេសការថែទាំបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតនិងរស់នៅដោយមានអនាម័យល្អជាប្រចាំ ពោលគឺទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ផឹកស្អាត ជាដើម ដើម្បីរក្សាកម្លាំងរាងកាយឲ្យបានរឹងមាំប្រកបមុខរបរ បង្កើនជីវភាពក្នុងគ្រួសារប្រកបដោយសុខដុមរមនា៕

To Top