ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា៖ «សូមបង្កើនការយកចិត្តទុក ដាក់ពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាល»

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនៅថ្ងៃ២២ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យបង្កើនការយកចិត្តទុក ដាក់ពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបថ្នាក់ដឹកនាំ ក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាល នៅខេត្តភូមិភាគឦសានជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ដល់២០ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តចំនួន៥ រួមមាន ៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ក្នុងនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ក្នុងការចុះពង្រឹងមូលដ្ឋានសុខាភិបាល ដូចខាងក្រោម៖

  • ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល
  • ត្រូវបំពេញតម្រូវការទាំងបរិមាណ និងពិសេសគុណភាពជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខារ ឱសថ
  • ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួនអំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំទៀងទាត់ ទាំងការបណ្តុះបណ្តាលទាំងមុន និងអំឡុងពេលបម្រើការងារ
  • ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឲ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់ឲ្យបានល្អគង់វង្ស
  • ពង្រឹងការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ រួមទាំងកាកសំណល់
  • ត្រៀមឆ្លើយតបលក្ខណៈបច្ចេកទេស ក្នុងការសង្រ្គោះបន្ទាន់ឱ្យបានទាន់ពេលវេលា រួមទំាងរថយន្តគិលានុសង្រ្គោះ ការទំនាក់ទំនងរវាងអ្នកបញ្ជូន និងកន្លែងទទួល
  • ត្រូវទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺជាយោបល់ក្នុងការស្ថាបនា សំណូមពរបន្ថែម និងការផ្តល់សេវាដោយមិនគិតពីការរើសអើង
  • បង្កើនការថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានឱ្យប្រើប្រាស់គង់វង្សយូអង្វែង និងបំពាក់ឱ្យបានគ្រប់គ្រាន់នូវសម្ភារ
  • ពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសាកល ជាពិសេសសូមពង្រីកសមត្ថភាពផ្នែកបច្ចេកទេសនៅតាមបណ្តាខេត្ត
  • បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា សកម្មភាពចុះអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថា្នកដឹកនាំទទួលបន្ទុកការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយបង្កើនការចុះពង្រឹងដល់ឲ្យបានគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដើម្បីជួយពង្រឹងការងារបច្ចេកទេស និងជំរុញការអនុវត្តយុទ្ធសាស្រ្តអាទិភាពរាជរដ្ឋាភិបាល ក្នុងនោះវិស័យសុខាភិបាលជាអាទិភាព១ នៃបញ្ចកោណទី១ មុំទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន៕

To Top