ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តមន្ត្រីជំនាញ គ្រប់គ្រងជនបរទេសឱ្យបានល្អ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ សំដៅបង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោកបានលើកឡើងថា ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនបានសុក្រឹត្យ១០០%ទេ នៅមានភាពចន្លោះប្រហោង
ដែលត្រូវរួមគ្នាបំពេញបន្ថែម។ ដូច្នេះ ត្រូវរកនីតិវិធីរួមណាមួយ ដើម្បីឱ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅក្នុងសំណាញ់ច្បាប់ កម្ពុជាទាំងអស់គ្នា។

លោក ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់ដែរថា ការងារនេះអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីត្រូវបន្តរួមសហការគ្នា អនុវត្តការងារនេះឱ្យកាន់តែល្អថែមទៀត ដើម្បីឱ្យខេត្តកំពង់ស្ពឺ អាចធានាបាននូវសុខសុវត្ថិភាពជូនជនបរទេស ដែលបាននិងកំពុងស្នាក់នៅវិនិយោគ និងហត្ថពលកម្មនៅក្នុងខេត្តកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តលើរាជរដ្ឋាភិបាល។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានសំណូមពរដល់ក្រុមការងារនៃនាយកដ្ឋានអន្តោប្រវេសន៍ឱ្យបង្កើតក្រុមការងារចម្រុះរួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា ដោយចុះព្រមៗគ្នាតែ១ដងបានហើយ ជៀសវាងបង្កការធុញទ្រាន់ និងរំខានដល់ការងារអាជីវកម្មរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជនទាំងនោះ។ ម្យ៉ាងវិញទៀត ត្រូវចៀសវាងដាច់ខាតនូវការប៉ះពាល់ ឬទាមទារយកប្រយោជន៍ពីការងារនេះ ដែលនាំឱ្យមានបញ្ហាដល់ក្រុមការងារ។

លោកឧត្តមសេនីយ៍ឯក សុខ លីហួត ក៏បានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងមិនធ្វើឱ្យប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់ជនបរទេសនៅកម្ពុជា ជាពិសេសចៀសវាងការអនុវត្តជាន់តួនាទីភារកិច្ចរបស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។


លោកឧត្តមសេនីយ៍ឯក សុខ លីហួត ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ មានគោលដៅអធិការកិច្ចចំនួន ៣៤១គោលដៅ បានចុះអធិការកិច្ចរួចចំនួន ២៧៣គោលដៅ (បូក៤១គោលដៅដែលផ្អាក ព្យួរ និងបិទសកម្មភាពអាជីវកម្ម) សរុបធ្វើបាន ៣១៤គោលដៅ រួមមាន ១៩សញ្ជាតិ មានជនបរទេសសរុបចំនួន ២៨៤៨នាក់ (ស្រី៨៧៩នាក់) មានប័ណ្ណការងារ និងសៀវភៅការងារចំនួន ២៨១៦នាក់ និងគ្មានចំនួន ៣២នាក់។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករនិយោជិតជាង១៧ម៉ឺននាក់ ក្នុងនោះនៅមិនទាន់គិតដល់ការដ្ឋានថ្មភ្នំ និងការដ្ឋានផ្សេងៗនោះទេ។ ជាមួយនិងរោងចក្រសហគ្រាស និងការដ្ឋានដែលមាននិយោជកជាជនជាតិចិនមានជាង៩៥%៕

ដោយ៖សុខ សុភ័ណ្ឌ

To Top