ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករ និយោជិតរោងចក្រចំនួន៣ ក្នុងខណ្ឌកំបូល

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះរោងចក្រ YONG DE WEI GARMENT PTY LTD.ដឹកនាំដោយលោកសោម អូន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ MORNING GLORY GARMENT ENTERPRISE CO.,LTD. ដឹកនាំដោយ លោក ឡេង សែ រដ្ឋលេខាធិការ និងរោងចក្រ GG Fashion (CAMBODIA) CO.,LTD ដឹកនាំដោយ លោក​ ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ។

នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតប្រមាណ ១ ០០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ YONG DE WEI GARMENT PTY LTD. ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល
ផ្ទាល់ លោក​សោម អូន រដ្ឋលេខាធិការនៃក្រសួងការងារ បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ។

ក្រោយការជួបសំណេះសំណាលសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច លោក​ សោម អូន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ YONG DE WEI GARMENT PTY LTD. ដែលមិនត្រឹមតែគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតទៀតផង។

ដោយឡែក ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ២ ១០០នាក់​នៅ GG Fashion (CAMBODIA) CO.,LTD. ខណ្ឌកំបូល លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជាកន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ និងទារកដ្ឋាន ផងដែរ។


លោក ប្រាក់ ចាន់ធឿន និងក្រុមការងារ ក៏បានទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនោះដែរលោក ក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ១ ០០០នាក់ នៃរោងចក្រ MORNING GLORY GARMENT ENTERPRISE CO.,LTD. ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល លោក​ ឡេង សែ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយរដ្ឋបាល និងនាយកសហគ្រាសដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងដែលរោងចក្រ MORNING GLORY GARMENT ENTERPRISE CO.,LTD. ផ្តល់ជូនបងប្អូនកម្មករនិយោជិត។

នាឱកាសនោះដែរ លោក ក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទានបាយថ្ងៃត្រង់នៅអាហាដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។

លោករដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មនិយោជិតបានច្រើនជាងច្បាប់បានកំណត់ទៀតផង។

ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល។

ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ជា ពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ៕

To Top