ព័ត៌មានអន្តរជាតិ

ប៉ូលីសវៀតណាម ផាកពិន័យជាប្រាក់ទៅលើបុរស ២នាក់ ដែលបានផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីមេដឹកនាំគណបក្ស លោក Nguyen Phu Trong

បរទេស៖ មនុស្សពីរនាក់នៅទីក្រុង ហូជីមិញ ត្រូវបានពិន័យចំពោះការបង្ហោះព័ត៌មានប្រឌិតអំពីសមិទ្ធិផល និងការរួមចំណែករបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅក្នុងស្រុក ១០ និង ១២ កាលពីថ្ងៃច័ន្ទបានផាកពិន័យបុរសពីរនាក់ដែលមានអាយុ ៣៩ ឆ្នាំ សរុបជាប្រាក់ចំនួន ១៣ លានដុង (ជាង ៥១៣ ដុល្លារអាមេរិក) ពីបទចែករំលែកព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អង្គការ និងបុគ្គល។

ព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុននៃការស្លាប់របស់លោក Trong បានចាប់ផ្តើមត្រូវបានចែកចាយក្នុងចំណោមប្រជាជនទាំងក្នុង និងក្រៅប្រទេសវៀតណាម។

ខណៈពេលដែលភាគច្រើនបង្ហាញពីការគោរពចំពោះអ្វីដែលលោក Trong សម្រេចបាន និងរួមចំណែកដល់ប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួន ផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ប៉ូលីសក្រុងហូជីមិញ បានរកឃើញថា មានបុគ្គលមួយចំនួនបាន ផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិត ដែលបដិសេធសមិទ្ធផល និងការរួមចំណែករបស់លោក Trong ។

ប៉ូលីសបានបន្ថែមថា ការបង្ហោះ និងការបញ្ចេញមតិជាមួយនឹងព័ត៌មានបែបនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយមនុស្សជាច្រើននៅលើអ៊ីនធឺណិត។ ម្ចាស់គណនីហ្វេសប៊ុកចំនួនបីនាក់ត្រូវបានប៉ូលិសកោះហៅមកសាកសួរបន្ថែម៕

ប្រែសម្រួលៈ ណៃ តុលា

To Top