ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបទបឋកថា លើកត្តាកំណត់ភាព ជោគជ័យ សម្រាប់ការដឹកនាំ ដល់មន្រ្តីរាជការ ក្រោមឱវាទក្រសួង

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ២៣ កក្កដា បានធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបាន ផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំ គ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាព ជោគជ័យ ក្នុងការដឹកនាំអង្គភាព និង ការពង្រឹងការងារ បច្ចេកទេសថែទាំព្យាបាល ជាមួយការ រកឲ្យឃើញ កត្តាប្រឈម ដែលជាឱកាសរៀនសូត្រ និងធ្វើការអភិវឌ្ឍខ្លួន នៅតាមមូលដ្ឋាន សុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៤០៧២នាក់។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ លើការងារចុះ ពិនិត្យមូលដ្ឋាន សុខាភិបាលនាពេលថ្មីៗនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងត្បូងឃ្មុំ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីសុខាភិបាល និងបានលើកយកមណ្ឌល សុខភាពពូជ្រៃ នៃខេត្តមណ្ឌលគិរី និង មណ្ឌលសុខភាពថ្មគ្រែ នៃខេត្តក្រចេះ ជាឧទាហរណ៍សម្រាប់ធ្វើជាគំរូល្អ នៅក្នុងការងាររក្សាអនាម័យ និងការរៀបចំមណ្ឌលសុខភាព ។ សាស្រ្តចារ្យក៏បង្ហាញនូវការគាំទ្រ នឹងជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន បន្តរពង្រឹងឬបង្កើន សមត្ថភាពថែមទៀត ។

នៅក្នុងបទបឋកថា សាស្ត្រាចារ្យរដ្ឋមន្ត្រី ចែករំលែកបទពិសោធន៍ នៃការដឹកនាំ ភាពប្រឈម និងកត្តាដែលធ្វើឲ្យជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូប ត្រូវប្រកាន់យកឥរិយាបទ ៖ (១)ធ្វើជាគំរូ (២)ផ្តល់ប្រឹក្សា និង(៣) ជាអ្នកជួយគាំទ្រ ដល់សមាជិក ក្រុមទាំងអស់ ដើម្បីបង្កើតក្រុមការងារ ដែលមានប្រសិទ្ធភាព ។

ដោយមានការអនុញ្ញាត ពីសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តស្ទឹងត្រែង ក៏បានចូលរួមធ្វើបទ បង្ហញពីការប្រើប្រាស់ PDIA សម្រាប់កាត់បន្ថយ របួសក្លាយ រោគលើអ្នកជំងឺវះកាត់នៅផ្នែកវះកាត់ ឲ្យនៅទាបបំផុត ត្រឹមចុងឆ្នាំ២០២៤៕

To Top