ភ្នំពេញ ៖ ដើម្បីរំលឹកដល់សមិទ្ធផលដ៏ធំធេង ក្នុងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ឱសថ និងការថែទាំ និងការតស៊ូមតិដោយមិនគិតពីលទ្ធភាពបង់ប្រាក់ មានមនុស្ស ២លាននាក់ រស់នៅក្នុងការថែទាំរបស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅទូទាំងពិភពលោក ។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ និងជូនជាអំណោយផលិតផលអាហារសុខភាព របស់គម្រោងអាហារសុខភាព ដល់ប្រជាពលរដ្ឋជាង ១៥០នាក់ នៅកសិដ្ឋានអាហារសុខភាព គម្រោងអាហារសុខភាព ស្ថិតនៅភូមិព្រែកត្រែង ឃុំសម្រោងធំ សុ្រកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក Michael Weinstein ប្រមុខដឹកនាំ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ពិភពលោកមាន ប្រសាសន៍ថា «យើងមានមោទនៈភាព យ៉ាងក្រៃលែង ដែលបានឈានដល់ដំណាក់កាលជាប្រវត្តិសាស្ត្រនេះ។ នៅពេលដែលយើងចាប់ផ្តើមកម្មវិធីសកលរបស់យើង កាលពីជាង ២០ឆ្នាំមុន នៅក្នុងប្រទេសអាហ្វ្រិកចំនួនពីរ ដែលប្រទេសនីមួយៗ មានអ្នកជំងឺ១០០នាក់។ ពួកយើងមិននឹកស្មានថា ថ្ងៃណាមួយយើងនឹង ផ្តល់សេវាដល់ជីវិតមនុស្ស ២លាននាក់ ក្រោមការយកចិត្តទុកដាក់របស់យើងនៅជុំវិញពិភពលោក។ ថ្ងៃនេះជាកិត្តិយស និងជាសក្ខីភាពមួយ ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដៃគូ និង អ្នកស្ម័គ្រចិត្ត របស់យើង ដែលខិតខំប្រឹងប្រែង ដោយមិនចេះនឿយហត់ ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិត របស់អ្នកដែលរងផលប៉ះពាល់ ដោយមេរោគអេដស៍/ជំងឺអេដស៍ជារៀងរាល់ថ្ងៃ»។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ប្រចំាតំបន់អាស៊ី បានថ្លែងថា «នេះជាសេចក្តីរីករាយដ៏អស្ចារ្យ របស់យើងក្នុងការចែករំលែកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឈានដល់ដំណាក់កាលដ៏អស្ចារ្យដែលបានជួយដល់មនុស្ស ២លាននាក់ ក្នុងការថែទាំទូទាំងពិភពលោក ដែលអាចធ្វើទៅបានដោយ សារតែការដឹកនាំប្រកប ដោយចក្ខុវិស័យដែលបានប្តេជ្ញាចិត្ត របស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ទាំងមូល រួមទាំង លោក Michael Weinstein ជាប្រមុខដឹកនាំផងដែរ»។
ឆ្លៀតក្នុងឱកាសនេះ លោក បានថ្លែងអំណរគុណដល់ដៃគូ អតិថិជន និងបុគ្គលិក អង្គការមូល និធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទាំងអស់ជុំវិញពិភពលោក សម្រាប់ការលះបង់ខ្ពស់ កិច្ចសហប្រតិបត្តិការ និង កិច្ចសហការជាដៃគូ។ លោកថា «យើងសូមអបអររួមគ្នា និងត្រួសត្រាយផ្លូវ ដើម្បីសម្រេចក្នុងការ បញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០»។
លោកស្រីវេជ្ជបណ្ឌិត ហ៊ួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោក បោះជំហានដល់ការទទួលបានសមិទ្ធផល ២លាននាក់រស់នៅក្នុងការថែទាំ គឺជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០។
សូមរំលឹកថា ចាប់តាំងពីការ បង្កើតឡើងក្នុងឆ្នាំ ១៩៨៧ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ បានឈានមុខគេ ក្នុងការប្រយុទ្ធនឹង មេរោគអេដស៍/ជំងឺអេដស៍ ជាសកល ដោយផ្តល់នូវសេវាកម្មសំខាន់ៗ ការតស៊ូមតិ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះ។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក្នុងការធ្វើឱ្យប្រសើរឡើង នូវជីវិតរបស់អ្នកដែលរងផលប៉ះពាល់ និងអ្នករស់នៅដោយមេរោគអេដស៍/ជំងឺអេដស៍។
អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាន និងកំពុងផ្តល់សេវាថែទាំព្យាបាល ដោយមិនគិត ពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២លាននាក់ ក្នុង ៤៧ប្រទេស ជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប ៕