ព័ត៌មានអន្តរជាតិ

ប៉េងប៉ោង៥០០ ដែលផ្ទុកសំរាមរបស់កូរ៉េខាងជើង នាំឱ្យមានការផ្អាកការហោះហើរ និងការចុះចត នៅអាកាសយានដ្ឋាន ក្នុងទីក្រុង សេអ៊ូល របស់កូរ៉េខាងត្បូង

បរទេស៖ មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងប្រហែល ៥០០ ផ្ទុកសំរាមចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ជើងហោះហើរ និងបានបង្កើតភ្លើងនៅលើដំបូលអគារលំនៅដ្ឋានថែមទៀត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាប៉េងប៉ោងនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយទីក្រុងព្យុងយ៉ាង ប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើប៉េងប៉ោងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង
លុយ និង USB ដែលផ្ទុកដោយវីដេអូ K-pop និងរឿងភាគ។

មន្ត្រីម្នាក់នៅសាជីវកម្មអាកាសយានដ្ឋានកូរ៉េបាននិយាយថា ប៉េងប៉ោងដែលសង្ស័យគឺបានផ្អាកការហោះហើរ និង ផ្អាកការចុះចតនៅអាកាសយានដ្ឋាន Gimpo ទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃពុធអស់រយៈពេលពីរម៉ោង។

ប៉េងប៉ោងបានប៉ះពាល់ដល់ចរាចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់កូរ៉េខាងត្បូង Incheon ជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

នៅទីក្រុង Gyeonggi ខេត្តក្បែរទីក្រុងសេអ៊ូល ប៉េងប៉ោងមួយបានឆេះនៅលើកំពូលអគារលំនៅដ្ឋាន។ មន្ត្រីម្នាក់នៅការិយាល័យកណ្តាលអគ្គីភ័យ និងគ្រោះមហន្តរាយភាគខាងជើង Gyeonggi បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងឆេះនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top