ព័ត៌មានជាតិ

៦ខែ ពន្ធដារប្រមូលចំណូលបានជិត ២ពាន់លានដុល្លារ

ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថារយៈពេល ៦ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧.៩៦លានដុល្លារ) ស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ លោក គង់ វិបុល បានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ១ ០០៥.៧៤ប៊ីលានរៀល (ប្រមាណជា ២៤៨.៣៣ លានដុល្លារ) ស្មើនឹង ៥.៩៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤
ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូល ពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យនិងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យទាំងក្របខ័ណ្ឌរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
ព្រមទាំងផ្តល់អនុសាសន៍ណែនាំចង្អុលបង្ហាញ លើបញ្ហាប្រឈមនានា ដែលកើតមានឡើងទាំងខាងក្នុង
និងខាងក្រៅអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងទិសដៅអនុវត្តបន្តសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបំពេញ
បេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវទស្សនទានថ្មីៗនៃសង្គមសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាព នៃសភាពការណ៍
ថ្មីនៃសេដ្ឋកិច្ចសកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលត្រូវបន្តប្រឈម នឹងបច្ច័យនានា
បន្សល់ទុកពីវិបត្តិនៃជំងឺកូវីដ-១៩ ភាពតានតឹង នៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានាដែលអាចជះឥទ្ធិពល
ជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជាជាអាទិ៍ វិបត្តិកើតឡើងជាបន្តបន្ទាប់ នៃស្ថានភាពសង្គ្រាម រុស្សី-អ៊ុយក្រែន និងតំបន់ហ្គាហ្សា។ទន្ទឹមនឹងគ្នានេះ អាចមានវិស័យមួយចំនួនអាចនឹងទ្រឹងនិង បន្តថមថយ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងនឹងមានកំណើន៕

To Top