ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ឲ្យពង្រឹងការផ្សព្វផ្សាយអប់រំសុខភាព ពីជំងឺទឹកនោមផ្អែម និងលើសឈាម

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត កាលពីរសៀលថ្ងៃ២៥ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឲ្យបុគ្គលិកសុខាភិបាលបន្តពង្រឹងផ្សព្វផ្សាយការអប់រំផ្នែកសុខភាព ជាពិសេសការអប់រំជំងឺទឹកនោមផ្អែម និងលើសឈាម។

នាកិច្ចប្រជុំសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវា ថែទាំសុខភាព គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរ ពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន ។ ក្នុងនោះក៏ ត្រូវពង្រឹងការក្រុមការងារផ្តល់សេវា តាមការបណ្តុះបណ្តាល ទាំងមុនបម្រើការងារ និង ពេលកំពុងបម្រើការងារ ព្រមទាំងការពង្រឹង ការអប់រំសុខភាព ដោយបង្កើនការផ្សព្វផ្សាយ សារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងយកចិត្តទុកបន្ថែមទៀតលើការងារ សុខភាពផ្លូវចិត្តផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់បទពិសោធន៍ និងចំណេះដឹង អំពីការធ្វើឲ្យបានប្រសើរ និងរលូនបន្ថែមទៀត អំពីដំណើរការរដ្ឋបាល នៃនាយកដ្ឋាន និងអង្គភាពនីមួយៗ ដែលជាការចំបាច់បំផុត ចូលរួមក្នុងការ ធ្វើឲ្យការផ្តល់សេវា សាធារណៈគ្រប់ទម្រង់ និងគ្រប់ផ្នែកកាន់តែមានប្រសិទ្ធភាព និងគុណភាពដូចរំពឹងទុក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល ៕

To Top