ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី នៅក្នុងអាណត្តិ​ សេសសល់របស់​លោក

Kyodo

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកនឹងបន្តពង្រឹង ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តអាស៊ី ក្នុងរយៈពេលដែលនៅសល់ នៃអាណត្តិរយៈពេល ៤ឆ្នាំ របស់លោករហូតដល់ខែមករា ឆ្នាំក្រោយ។

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រទេសជាតិ ពីការិយាល័យ Oval ដើម្បីពន្យល់ពីការសម្រេចចិត្ត របស់លោកក្នុងការចាកចេញ ពីការប្រណាំងប្រជែងតំណែងប្រធានាធិបតី លោក បៃដិន បានឲ្យដឹងថា “វិធីដ៏ល្អបំផុតឆ្ពោះទៅមុខ គឺការបញ្ជូនពន្លឺទៅកាន់មនុស្សជំនាន់ថ្មី នោះគឺជាវិធីល្អបំផុត ដើម្បីបង្រួបបង្រួមជាតិ របស់យើង” ។

លោកបានលើកឡើងថា “មានពេលវេលា និងកន្លែងសម្រាប់បទពិសោធន៍យូរឆ្នាំ នៅក្នុងជីវិតសាធារណៈ ប៉ុន្តែក៏មានពេលវេលា និងទីកន្លែងសម្រាប់ សំឡេងថ្មី សំឡេងស្រស់បំព្រង សម្លេងក្មេងជាង” ដោយលោកបញ្ជាក់ថា លោកនឹងផ្តោតលើការបំពេញភារកិច្ចរបស់លោក ជាប្រធានាធិបតីក្នុងរយៈពេល ៦ខែខាងមុខ ។

លោក បៃដិន ដែលបានគាំទ្រ អនុប្រធានាធិបតី កាម៉ាឡា ហារីស ជាបេក្ខជនប្រជាធិបតេយ្យសម្រាប់ការប្រកូតប្រជែង បានឲ្យដឹងថា ភារកិច្ចទាំងនោះរួម មានការបញ្ចុះថ្លៃរស់នៅ សម្រាប់មនុស្សឧស្សាហ៍ បង្កើនសេដ្ឋកិច្ច ការបញ្ចប់សង្គ្រាម របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងធានាថាសហរដ្ឋអាមេរិក នៅតែរឹងមាំ សុវត្ថិភាព និងជាមេដឹកនាំ នៃ​ពិភព​លោក​សេរី ។

លើសពីនេះ ប្រធានាធិបតីអាយុ ៨១ ឆ្នាំរូបនេះបានបន្ដថា លោកនឹង រក្សាអង្គការណាតូ ឱ្យរឹងមាំ ហើយនឹងធ្វើដូចគ្នា សម្រាប់សម្ព័ន្ធមិត្ត របស់អាមេរិកនៅប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top