ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ជំនាញទន់ ដល់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវា សាធារណៈ(Call Centre)

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម» និងចែកវិញ្ញាបនបត្រ ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ការបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលប្រជុំនៃអគារទីស្នាក់ការ ប.ស.ស. ក្រោមអធិបតីភាព លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

លោក​ កត្តា អ៊ន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ(Call Center) ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់មន្រ្ដី Call Center ក្នុងការផ្តល់សេវាសាធារណៈជូនសាធារណជន។

លោករដ្ឋលេខាធិការបញ្ជាក់ថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ នៃក្រសួងការងារ ត្រូវធ្វើការឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជន បានទាន់ពេលវេលា និងឆាប់រហ័ស ។ លើសពីនេះផងដែរក្រុមការងារ ត្រូវអនុវត្តភារកិច្ចប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋលេខាធិការបញ្ជាក់សារឡើងវិញថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែ គឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកា និងភាគទានបេឡាជាតិ សន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស., ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។

ទន្ទឹមនឹងនេះ លោក​ កត្តា អ៊ន ក៏បានអំពាវនាវ​ដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។ លើសពីនេះទៀត លោកក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត ៕

To Top