ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ កក្កដា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។
សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងក្របខណ្ឌទូទាំងប្រទេស មានតួនាទី និងភារកិច្ចសំខាន់ៗ ដូចជា៖ ធ្វើជាសេនាធិការជូនរដ្ឋមន្ត្រី ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង បរិយាបន្ន។
លើសពីនេះ ក្រុមការងារត្រូវត្រួតពិនិត្យការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានី ខេត្ត,
ត្រួតពិនិត្យការរៀបចំឯកសារសំណើគម្រោង និងឯកសារកិច្ចសន្យាគម្រោង, តាមដាន និងវាយតម្លៃលើការប្រកាសជូនដំណឹងស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងនៅតាមសាលាឃុំ សង្កាត់ សាលាក្រុង ស្រុក ខណ្ឌ សាលារាជធានី ខេត្ត និងនៅលើគេហទំព័រ គ.ជ.អ.ប.៕