បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានអះអាងថា យន្តហោះឈ្លបយកការណ៍អង់គ្លេសមួយគ្រឿង អមដោយយន្តហោះចម្បាំង ពីរគ្រឿង បានចូលទៅជិតដែនទឹករុស្ស៊ី ក្បែរតំបន់គ្រីមៀ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានត្រលប់មកវិញ បន្ទាប់ពីយន្តហោះរុស្ស៊ី បានហោះទៅស្ទាក់យន្តហោះទាំងនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមយោធារុស្ស៊ីថាគោលដៅពីលើអាកាសចំនួនបី ត្រូវបានរកឃើញខិតជិតព្រំដែន។ យន្តហោះចម្បាំង Su-27 មួយគ្រឿងបានបញ្ជូនមកដើម្បីដោះស្រាយការគំរាមកំហែងនេះ បានកំណត់ថា គោលដៅទាំងនោះជាយន្តហោះចារកម្ម RC-135 និងយន្តហោះចម្បាំង Eurofighter Typhoons ២គ្រឿង ដែលសុទ្ធសឹងជាកម្មសិទ្ធិរបស់កងទ័ពអាកាសចក្រភពអង់គ្លេស (RAF)។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី ខិតជិត យន្តហោះយោធាបរទេសក៏បានបត់ចេញពីព្រំដែននៃសហព័ន្ធរុស្ស៊ី” ។
មិនមានការរំលោភលើដែនអាកាសរុស្ស៊ីបានកើតឡើងទេ ហើយយន្តហោះចម្បាំង Su-27 បានត្រឡប់ទៅមូលដ្ឋានដោយសុវត្ថិភាព។ ក្រសួងបានបន្ថែមថា ការស្ទាក់ចាប់នេះត្រូវបានធ្វើឡើង “ដោយអនុលោមយ៉ាងតឹងរឹង” ជាមួយនឹងច្បាប់អន្តរជាតិដែលគ្រប់គ្រងដែនទឹកអព្យាក្រឹត។
បណ្តាញ Telegram ជាច្រើនបានកំណត់អត្តសញ្ញាណជនល្មើសដែលមានសក្តានុពលជាយន្តហោះ RC-135W Rivet Joint ដែលមានមូលដ្ឋាននៅ RAF Waddington ក្នុង Lincolnshire ។ អ្នកអមដំណើររបស់យន្តហោះនោះត្រូវបានគេកំណត់ថាជាយន្តហោះចម្បាំង Eurofighter Typhoon FGR4 Mark IV ។
នេះជាការស្ទាក់ចាប់លើកទីពីរក្នុងរយៈពេលពីរថ្ងៃ ដោយកាលពីមុនពេលនោះ យន្តហោះចម្បាំងរុស្ស៊ីលើកចុងក្រោយបានការពារពីការហោះហើររបស់យន្តហោះស៊ើបការណ៍អង់គ្លេស គឺខែតុលាមុន៕
ប្រែសម្រួលៈ ណៃ តុលា