ព័ត៌មានអន្តរជាតិ

ទីប្រឹក្សា​យោធា​អ៊ីរ៉ង់ បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ ​របស់​អ៊ីស្រាអែល នៅ​ជាយក្រុង​បេរូត ប្រទេសលីបង់

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ទីប្រឹក្សាយោធាអ៊ីរ៉ង់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់។

របាយការណ៍បានឲ្យដឹងថាលោក Milad Bidy ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើអគារមួយនៅជាយក្រុងដាហេ ជាកន្លែងដែលមេបញ្ជាការយោធាកំពូលរបស់ក្រុមហេសបូឡា លោក Fouad Shokor កំពុងស្នាក់នៅ ហើយក៏ត្រូវបានសម្លាប់ដូចគ្នា។

ប្រភពបានបន្ថែមថាលោក Bidy បានឈរនៅជិតអគារ Shokor ហើយការពន្យារពេលក្នុងការប្រកាសពីការស្លាប់របស់លោកគឺដោយសារតែភាពមិនច្បាស់លាស់ដំបូងអំពីអត្តសញ្ញាណរបស់លោក។

កាលពីល្ងាចថ្ងៃអង្គារ យន្តហោះដ្រូនរបស់អ៊ីស្រាអែល បានបាញ់កាំជ្រួចចំនួន ៣គ្រាប់នៅជិតក្រុមប្រឹក្សាស៊ូរ៉ា របស់ក្រុមហេសបូឡា នៅជាយក្រុងដាហេ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់ ខណៈមនុស្ស ៧៤នាក់ផ្សេងទៀតបានរងរបួស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top