យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំងដ៏លើសលប់ចំពោះការវាយប្រហារតបតវិញ បន្ទាប់ពីមានការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់ និងមេដឹកនាំជាន់ខ្ពស់ក្រុមហេសបូឡា នៅទីក្រុងបេរូត ប្រទេសលីបង់
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងសុន្ទរកថាចាក់ផ្សាយដល់ប្រជាជាតិអ៊ីស្រាអែលថា “ថ្ងៃដ៏លំបាក គឺនៅខាងមុខ” ដោយកត់សម្គាល់ថា ចាប់តាំងពីការវាយប្រហារនៅទីក្រុងបេរូត ការគំរាមកំហែងត្រូវបានឮពីគ្រប់ទីកន្លែង”។
លោកបានលើកឡើងថា ប្រទេសអ៊ីស្រាអែល ត្រូវបានរៀបចំ “សម្រាប់សេណារីយ៉ូណាមួយ” ដោយបន្ថែមថាវានឹងកំណត់តម្លៃដ៏ធ្ងន់មួយប្រឆាំងនឹងការឈ្លានពានណាមួយ និងការវាយប្រហារពីខាងមុខណាមួយ” ។
លោកបន្ដថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែល បានកំណត់គោលដៅលើសម្ព័ន្ធមិត្តសកម្មប្រយុទ្ធរបស់អ៊ីរ៉ង់ ដោយលើកឡើងពីការវាយប្រហារនៅក្នុងប្រទេសយេម៉ែន និងលីបង់ ដែលបានសម្លាប់លោក Fouad Shokor ដែលជាមេបញ្ជាការយោធាកំពូលរបស់ក្រុមហេសបូឡា កាលពីយប់ថ្ងៃពុធ។
លោក ណេតាន់យ៉ាហ៊ូ បានរក្សាជំហររឹងរូសប្រឆាំងនឹងការអំពាវនាវអន្តរជាតិឲ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយលើកឡើងថា”ខ្ញុំមិនចុះចាញ់នឹងសំឡេងអំពាវនាវទាំងនេះទេ ហើយក៏មិនមែនឥឡូវនេះដែរ”។
អ៊ីស្រាអែល បានបើកការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលក្នុងនោះមនុស្សប្រហែល ១,២០០នាក់នៅអ៊ីស្រាអែល ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា