បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍បានទទួលស្គាល់បេក្ខភាព របស់បក្សប្រឆាំងក្នុងប្រទេស វេណេស៊ុយអេឡាគឺលោក Edmundo González ជាអ្នកឈ្នះការបោះឆ្នោត ប្រធានាធិបតី របស់ប្រទេស អាមេរិកខាងត្បូង ដោយបង្អាក់លទ្ធផល ដែលប្រកាស ដោយអាជ្ញាធរបោះឆ្នោត ដែលបានប្រកាសថា ប្រធានាធិបតី Nicolás Maduro ជាអ្នកឈ្នះ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយផ្តល់ភស្តុតាងដ៏លើសលប់ វាច្បាស់ណាស់ចំពោះសហរដ្ឋអាមេរិក ហើយសំខាន់បំផុត ចំពោះប្រជាជន វេណេស៊ុយអេឡាថា លោក Edmundo González Urrutia បានឈ្នះការបោះឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា របស់ប្រទេស វេណេស៊ុយអេឡា” ។
ក្រុមប្រឹក្សាជាតិរៀបចំការ បោះឆ្នោតបានប្រកាសថាលោក Maduro ជាអ្នកឈ្នះការបោះឆ្នោតដែលរំពឹងទុកយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ ប៉ុន្តែគូប្រជែងសំខាន់ របស់ប្រធានាធិបតីគឺលោក González និងមេដឹកនាំប្រឆាំង Maria Corina Machado បាននិយាយថា ពួកគេទទួលបានច្រើន ជាងពីរភាគបីនៃសន្លឹកឆ្នោត ដែលម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកនីមួយៗ បានបោះពុម្ពបន្ទាប់ពីការបោះឆ្នោតបិទ។
ពួកគេបាននិយាយថាការចេញផ្សាយទិន្នន័យលើចំនួនសរុបទាំងនោះនឹងបង្ហាញថាលោក Maduro បានចាញ់។
ការប្រកាសរបស់រដ្ឋាភិបាល អាមេរិកបានកើតឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែង ការទូតដើម្បីបញ្ចុះបញ្ចូលលោក Maduro ឱ្យបញ្ចេញចំនួនសន្លឹកឆ្នោត ពីការបោះឆ្នោត និងបង្កើនការអំពាវនាវ ឱ្យមានការត្រួតពិនិត្យឯករាជ្យលើលទ្ធផល នេះបើយោងតាមមន្ត្រីមកពីប្រទេសប្រេស៊ីល និងម៉ិកស៊ិក៕
ប្រែសម្រួលៈ ណៃ តុលា