ព័ត៌មានជាតិ

លោក កែវ រតនៈ និងលោក ខូយ រីដា ដឹកនាំមន្ត្រីរាជការដាំកូនឈើចម្រុះប្រមាណ ៥ម៉ឺនដើមលើផ្ទៃដីជាង ៤០ហិកតានៅផ្លូវអន្ទង់អាំង ស្រុកវាលវែង

ពោធិ៍សាត់៖ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់អមដំណើរដោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមដាំកូនឈើចម្រុះគ្រប់ប្រភេទប្រមាណ ៥០ ០០០ដើមលើផ្ទៃដីជាង ៤០ហិកតានៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកកែវ រតនៈ បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្ត្រជំហានទី១ នៃការចាប់ផ្តើមដំបូងនៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីប្រែក្លាយទីកន្លែងនេះ ឱ្យទៅជាគម្របបៃតងដូចកាលពីមុន និង ជាតំបន់រុក្ខទេសចរធម្មជាតិ ដូចនេះសូមឱ្យមានការចូលរួមទាំងអស់គ្នាថែរក្សាការពារព្រៃឈើដែលនៅសេសសល់ និង ត្រូវថែរក្សាដើមឈើឱ្យបានធំធាត់ ចំពោះកូនឈើដែលបានដាំទាំងប៉ុន្មាននៅថ្ងៃនេះ។

លោកបញ្ជាក់ថា ព្រៃឈើទាំងនេះនឹងក្លាយជម្រកសត្វព្រៃ ជារបាំងខ្យល់ និង ធ្វើឱ្យរបាយទឹកភ្លៀងទៀងទាត់ កាត់បន្ថយនូវគ្រោះទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ៕

To Top