ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បានឲ្យដឹងថា បុគ្គលក្នុងប្រទេសហ្វីលីពីន គួរតែបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ហើយប្រទេសក្រៅតំបន់ត្រូវបានគេសង្ឃឹមថា នឹងធ្វើអ្វីៗដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើតាមក្រសួងការបរទេសចិន។
ការកត់សម្គាល់របស់លោកស្រី ម៉ៅ បានធ្វើឡើងបន្ទាប់ពីហ្វីលីពីន និងអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យបានសន្យាចុះហត្ថលេខាលើការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំនេះ ដោយប្តេជ្ញាថានឹងរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ លើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
ដោយកត់សម្គាល់អធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺស្របនឹងច្បាប់អន្តរជាតិពាក់ព័ន្ធ និងការអនុវត្តនោះ លោកស្រីបានឲ្យដឹងថា វាគឺជាហ្វីលីពីន មិនមែនចិននោះទេ ដែលបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។
លោកស្រីបានលើកឡើងថា “បុគ្គលនៅក្នុងប្រទេសហ្វីលីពីន គួរតែកែតម្រូវការយល់ដឹងខុសរបស់ពួកគេ និងបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានបន្ដថា សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង មិនដែលមានបញ្ហានោះទេ ដោយបន្ថែមថា វាគ្មានន័យទេក្នុងការប្រឌិតការនិទានរឿងដោយផ្អែកលើសំណើមិនពិតនេះ៕
ប្រែសម្រួល ឈូក បូរ៉ា