បរទេស៖ ភ្នាក់ងារសហព័ន្ធ និងប៉ូលីសរដ្ឋអាមេរិក បានចូលឆែកឆេរផ្ទះរបស់អតីតទាហានម៉ារីនអាមេរិក និងអធិការកិច្ចផ្នែកអាវុធរបស់អង្គការសហប្រជាជាតិ គឺលោក Scott Ritter ក្នុងរដ្ឋញូវយ៉កកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មានក្នុងស្រុក Times-Union បានផ្សាយថា ប៉ូលីសរដ្ឋ និងភ្នាក់ងារ FBI បានចុះមកតាមផ្លូវនៃទីប្រជុំជន Bethlehem ភាគខាងត្បូងនៃ Albany នៅម៉ោងប្រហែលថ្ងៃត្រង់។ ពួកគេបានយក «ប្រអប់ជាច្រើន» ចេញពីផ្ទះមុនម៉ោង៥ល្ងាចម៉ោងក្នុងស្រុក។
លោក Ritter ដែលជាអតីតទាហានម៉ារីនអាមេរិក និងអធិការកិច្ចផ្នែកអាវុធរបស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានដែលប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះ បន្ទាប់ពីភ្នាក់ងារបានចាកចេញថា ការអនុវត្តច្បាប់បានអនុវត្តដីកាស្វែងរកមួយដែលទាក់ទងនឹងការព្រួយបារម្ភដែលច្បាស់ជារដ្ឋាភិបាលសហរដ្ឋអាមេរិកមានអំពីការរំលោភលើច្បាប់រឹតបន្តឹងភ្នាក់ងារបរទេស (FARA)។
លោកក៏បានបដិសេធរាល់ការចោទប្រកាន់ពីការប្រព្រឹត្តខុស ហើយបាននិយាយថា រដ្ឋាភិបាលសហព័ន្ធកំពុងព្យាយាមបំភិតបំភ័យលោក។ ចំណែកអ្នកនាំពាក្យ FBI បានបញ្ជាក់ “សកម្មភាពអនុវត្តច្បាប់ទាក់ទងនឹងការស៊ើបអង្កេតរបស់សហព័ន្ធដែលកំពុងបន្ត” ប៉ុន្តែនឹងមិននិយាយអ្វីបន្ថែមទៀតទេ។
សូមជម្រាបថា លោក Ritter គឺជាអតីតមេកងម៉ារីនអាមេរិក ដែលបានបម្រើការជាអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០។ លោកបានប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ ដោយទទូចថារដ្ឋាភិបាលរបស់ សាដាម ហ៊ូសេន មិនមានអាវុធប្រល័យលោក ដូចដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងនៅពេលនោះឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
