ភ្នំពេញ ៖ ក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត Chery Holding Group Co., Ltd. របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យមួយចំនួន នៅកម្ពុជាពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ សីហានេះ បានអនុញ្ញាតឲ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបក្រុមហ៊ុនបានចាប់អារម្មណ៍ លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ដែលនឹងចូលរួម ចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។
សូមរំលឹកថា ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧៕