ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ចុះMOU ជាមួយគ្នា នៅឡាវ

ភ្នំពេញ៖ តបតាមសំណើរបស់រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ព្រមទាំងទទួលបានសិទ្ធិប្រទាន ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៨ សីហា បានអញ្ជើញចូលរួម និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាMOU រវាងក្រសួងសុខាភិបាលទាំង២ប្រទេស ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាមួយលោក ប៊ូឌី សាឌីគីន (HE Budi G. Sadikin)រដ្ឋមន្ត្រីសុខាភិបាល ឥណ្ឌូនេស៊ី ។

ពិធីចុះMOUនេះ ធ្វើឡើងក្នុងអំឡុងពេលនៃការចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតក្របខណ្ឌ កិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសុខាភិបាល ភាពធន់នៃវិស័យសុខាភិបាល ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ សុវត្ថិភាព ផលិតផលសុខាភិបាល និងឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល និងបច្ចេកវិទ្យាជីវវេជ្ជសាស្រ្ត។ អនុស្សរណៈនៃការយោគយល់នេះ ក៏នឹងបន្តពង្រឹងវិសាលភាពនៃ កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៃប្រទេសទាំង២ និងបានឆ្លើយតបនឹងចំណុចអាទិភាពសុខាភិបាល ជាចម្បងលើការពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹង កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានលើកឡើងនូវសំណើសហប្រតិបតិការ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដូចជាភាពជាដៃគូកិច្ចសហប្រតិបត្តិការ នៃមជ្ឈមណ្ឌលជាតិព្យាបាលជំងឺបេះដូង ជំងឺមហារីក និងភាពជាដៃគូសហប្រតិបត្តិការ និងគាំទ្រដល់មន្ទីរពេទ្យជាតិ មិត្តភាពខ្មែរសូវៀតជាដើម។ ជាកិច្ចឆ្លើយតប សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាការរិតចំណងមិត្តភាពរវាងប្រទេសទាំង២ ដែលមានរយៈពេល ៦៥ឆ្នាំកន្លងមក ៕

To Top