ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថា បេសកកម្មរបស់លោក វ៉ាង វិនពីង នឹងជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រឹងមាំ និងមានលទ្ធផលដល់ប្រទេសទាំង២ច្រើនថែមទៀត ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃ៩ សីហា សម្តេច ហេង សំរិន មានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំងពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រផែមទៀតផង។
លោកទូតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន មានដូចជាសម្តេចព្រះនរោត្តមស៊ីហនុ និងលោក ម៉ៅ សេទុង ត្រូវបន្តលើកកម្ពស់ជាបន្តបន្ទាប់ រហូតដល់ថ្នាក់ដឹកនាំសព្វថ្ងៃ និងសម្រេចបាននូវមិត្តភាពដែកថែបយ៉ាងរឹងមាំ។ ជាមួយគ្នានោះ លោកបានប្តេជ្ញាចិត្តថា នឹងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត។
ចំពោះសម្តេច ហេង សំរិន បានថ្លែងថា ចំពោះកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។ ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំង២ សម្តេចបានកត់សម្គាល់ អំពីកិច្ចសហប្រតិបត្តិការប្រពៃណី ដែលមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈអនុស្សរណៈយោគយល់ស្តីពី ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាបន្តបន្ទាប់។ សម្តេចចាត់ទុកថា កិច្ចសហប្រតិបត្តិការគណបក្សទាំង២ជាស្នូល ដោយបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសំណូមពរមិត្តចិន ជួយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា លើវិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេង។
ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូតចិន បានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រចិន និងប្តេជ្ញាចិត្តក្នុងការជួយដល់កម្ពុជា សម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ការលើកកម្ពស់ជីវភាពប្រជាជន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំង២ផងដែរ។
លោកបន្តថា ប្រទេសទាំងពីរកម្ពុជា-ចិន កំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំ ក្នុងបរិបទនៃការប្រឈមទៅ និងវិបត្តិភូមិសាស្រនយោបាយក្នុងពេលបច្ចុប្បន្ន។ ដូចនេះប្រទេសទាំង២បានប្តេជ្ញា បន្តគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើផលប្រយោជន៍រួម។
លោកឯកអគ្គរដ្ឋទូត បានចាត់ទុកថា កម្ពុជា និងចិន ជាស្ថាបនិកនៃសន្តិភាពដូចគ្នា ដោយកម្ពុជាបានអនុវត្តយ៉ាងជោគជ័យ នូវនយោបាយឈ្នះ-ឈ្នះ របស់ខ្លួន ហើយចិនក៏បានប្រកាន់ខ្ជាប់នូវសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផងដែរ ៕