បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបន្តធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ទៅលើកងទ័ពអ៊ុយក្រែនដែលបានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ Kursk កាលពីដើមសប្តាហ៍នេះ ។
ក្នុងនោះដែរក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍កាលពីថ្ងៃសុក្រដដែលក៏បានធ្វើការផ្តល់នូវការប៉ាន់ប្រមាណចំនួនអ្នកស្លាប់ និងរបួសរបស់ទីក្រុងគៀវក្នុងប្រតិបត្តិការលុកលុយលើកនេះផងដែរ។
យោងតាមក្រសួងនេះ អ៊ុយក្រែន បានបាត់បង់ទាហានរហូតដល់ ៩៤៥នាក់ ព្រមទាំងរថពាសដែក ១០២គ្រឿង រួមទាំងរថក្រោះ ១២គ្រឿង និងរថពាសដែក ១៧គ្រឿង។
តួលេខនេះរួមមានទាហានជាង ២៨០នាក់ និងរថពាសដែក ២៧គ្រឿង ត្រូវបានបំផ្លាញក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះនៅក្នុងតំបន់ជាប់ព្រំប្រទល់តំបន់ Kursk ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនាពេលថ្មីៗនេះបានបំផ្លាញរថពាសដែក Stryker ចំនួន ៥គ្រឿង ក៏ដូចជាជួរយោធាអ៊ុយក្រែនដែលមានរថក្រោះ APC ចំនួនបួន និងរថពាសដែក Kozak ជាដើមផង៕
ប្រែសម្រួល៖ ស៊ុនលី