បរទេស៖ ស្ត្រីជនជាតិឡាវម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក នៃបន្ទប់ខុនដូរបស់នាង ជាមួយនឹងរបួសស្នាមកាត់បំពង់កយ៉ាងជ្រៅ។ ប៉ូលិសនៅមិនទាន់សន្និដ្ឋានថា ស្រ្តីរូបនេះត្រូវគេសម្លាប់ ឬក៏ធ្វើអត្តឃាតខ្លួនឯងនោះទេ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ Damchaluai Samkanying អធិការរងប៉ូលិសប៉ុស្តិ៍ Nong Prue ត្រូវបានគេជូនដំណឹងប្រាប់នៅម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍អំពីការរកឃើញសាកសពនៅខុនដូក្នុង Soi Ban Noen Rot Fai ។
មន្ត្រីប៉ូលីស រួមដំណើរដោយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Bang Lamung និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ។ ក្នុងបន្ទប់ជាន់ទី៥ គេបានប្រទះឃើញស្ត្រីអាយុ ២៨ឆ្នាំ ម្នាក់ដេកផ្កាប់មុខក្នុងថ្លុកឈាម។ មានការដាច់យ៉ាងធំនៅត្រង់បំពង់ករបស់នាង ដែលស្របនឹងការកាត់ពីវត្ថុមុតស្រួច។
ប៉ូលិសបានប៉ាន់ស្មានថា ស្រ្តីរងគ្រោះបានស្លាប់អស់រយៈពេល ១២ម៉ោងមកហើយ។ ពួកគេក៏បានរកឃើញកាំបិតផ្ទះបាយធំមួយ និងកាំបិតចិតផ្លែឈើស្រួចប្រវែងប្រហែល ១៥សង់ទីម៉ែត្រ ផងដែរ។
មិត្តភ័ក្តិរបស់អ្នកស្លាប់បានប្រាប់ប៉ូលិសថា នៅម៉ោងប្រហែល២រសៀលថ្ងៃព្រហស្បតិ៍ នាងបានទទួលទូរស័ព្ទពីបងស្រីរបស់ស្ត្រីនោះសុំឱ្យពិនិត្យមើល ព្រោះនាងមិនអាចទាក់ទងបានមួយរយៈមកហើយ។
មិត្តភ័ក្តិត្រូវបានគេស្គាល់ឈ្មោះថា Nong អាយុ ២៥ឆ្នាំបាននិយាយថា ពេលនាងទៅដល់ គឺខុនដូទ្វារត្រូវបានចាក់សោពីខាងក្នុង។ មិត្តប្រុសជនជាតិចិនរបស់អ្នកស្លាប់ ដែលត្រូវបានគេស្គាល់ថាជា Chang អាយុ ៤២ឆ្នាំបានប្រាប់ប៉ូលីសថាមិត្តស្រីរបស់គាត់បានបណ្តេញគាត់ចេញពីបន្ទប់ ហើយថាគាត់មិនអាចចូលបានទេចាប់តាំងពីថ្ងៃពុធ។
អ្នកស្រី Nong បានជូនដំណឹងដល់អ្នកគ្រប់គ្រងខុនដូ មុនពេលជួលជាងដែកឲ្យបើកទ្វារ។ ពេលចូលទៅដល់ បុរសនោះក៏ស្ទុះចេញទាំងភ័យស្លន់ស្លោ ដោយលាន់មាត់ថា “នាងស្លាប់ហើយ” ។ នាង Nong បានទូរស័ព្ទទៅប៉ូលីសភ្លាមៗ ប៉ុន្តែលោក Chang បានចាកចេញពីកន្លែងកើតហេតុ៕
ប្រែសម្រួលៈ ណៃ តុលា