ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១០០នាក់ ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍នេះ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅសាលារៀនមួយ ដែលបម្រើជាជម្រក សម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់ Al-Daraj ក្នុងទីក្រុងហ្គាហ្សា។
ពួកគេបានប្រាប់ស៊ីនហួថា ជនរងគ្រោះដែលស្លាប់រួមមានស្ត្រី និងកុមារ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Ahli ក្នុងទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើសាលា Al-Tabi’in ក្នុងសង្កាត់ Al-Daraj កណ្តាលទីក្រុងហ្គាហ្សា ខណៈពេលដែលអ្នកផ្លាស់ទីលំនៅនៅក្នុងសាលាកំពុងធ្វើពិធីបួងសួងមួយ។
សាក្សីក្នុងតំបន់បានប្រាប់កាសែតស៊ិនហួថា ដោយសារកង្វះធនធានរថយន្តសង្គ្រោះ និងឧបករណ៍ការពារស៊ីវិលនៅក្នុងទីក្រុង ជនរងគ្រោះត្រូវបានដឹកទៅមន្ទីរពេទ្យតាមរយៈរថយន្តឯកជន និងរទេះអូសសត្វជាដើម។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល “បានទម្លាក់គ្រាប់បែកដោយផ្ទាល់ទៅលើជនភៀសខ្លួន ខណៈពេលដែលពួកគេកំពុងធ្វើពិធីបួងសួង ហើយនេះគឺជាអ្វីដែលបានបង្កើនចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័ស” ៕
ប្រែសម្រួល ឈូក បូរ៉ា