ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ផ្តើមរបបប្រឆាំង ភេរវកម្មក្នុងតំបន់ចំនួន៣ ដើម្បីធានាសុវត្ថិភាពជនស៊ីវិល

ម៉ូស្គូ៖ គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម (NAC) នៃប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ នេះបានផ្តួចផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្ម (CTO) នៅទូទាំងតំបន់ Belgorod, Bryansk និង Kursk ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខនាពេលថ្មីៗនេះ។

គណៈកម្មាធិការបានឲ្យដឹងថា វិធានការនេះត្រូវបានអនុម័តនៅថ្ងៃសៅរ៍នេះ ដើម្បីការពារពលរដ្ឋ និងទប់ស្កាត់សកម្មភាពភេរវករ ដែលអាចកើតមានបន្ទាប់ពីការប៉ុនប៉ង ដែលមិនធ្លាប់មានពីមុនមកដោយអ៊ុយក្រែន ក្នុងការធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ជាច្រើននៅក្នុងប្រទេសរុស្ស៊ី។

ចំណាត់ការនេះកើតឡើងប ន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ដែលបានបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត និងការបំផ្លិចបំផ្លាញអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត។

NAC បានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌច្បាប់របស់ CTO រួមមានការអនុវត្តវិធានការចាំបាច់ និងការរឹតបន្តឹងបណ្តោះអាសន្នក្រោមមាត្រា១១ នៃច្បាប់សហព័ន្ធ “ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម” ។  វិធានការទាំងនេះមានគោលបំណងធានាសុវត្ថិភាពប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top