ព័ត៌មានជាតិ

យុវជនគណបក្សកាន់អំណាច ព្រមានវាយបករាល់ឧបាយកលទុច្ចរិត ប៉ុនប៉ងបង្កចលាចលផ្តួល រំលំរាជរដ្ឋាភិបាល

រូបភាព ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

យោងតាមសេចក្ដីថ្លែងការណ៍ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១២ សីហា នេះ បានបញ្ជាក់ពីជំហរដាច់ខាតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលជាកម្លាំងមហាសាមគ្គី ដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់ គណបក្សប្រជាជនកម្ពុជា គឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

ដូច្នេះតាមរយៈលិខិតនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់នៃ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏បានប្រកាសជាឱឡារិក ស្មោះត្រង់ដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស និងការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។

ប្រភពបញ្ជាក់ទៀតថា កម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រ។ សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ និងបានផ្តល់ឲ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះ ការប៉ុនប៉ងអូសទាញកម្ពុជាឲ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយកបញ្ហានៅប្រទេសបង់ក្លាដេស មកបំផុសឲ្យមានចលនាបដិវត្តន៍ពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា៕

To Top