ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ការលើកឡើងរបស់ លោក ប៉ែន បូណា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយម បានលើកឡើងថា រាជរដ្ឋាភិបាល មិនស្តាប់មតិរបស់ប្រជាពលរដ្ឋ និងមតិរបស់យុវជន ហើយពួកគេបាននិយាយទៀតថា ការណ៍ដែលកងកម្លាំងប្រដាប់អាវុធចេញមកគាំទ្ររាជរដ្ឋាភិបាល គឺជាការគំរាមកំហែងប្រជាពលរដ្ឋ។

តាមរយៈវីដេអូបង្ហោះនៅតាមបណ្ដាញនាថ្ងៃទី១៤ ខែសីហា លោក ប៉ែន បូណា បញ្ជាក់ថា «រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ ទូទាំងប្រទេសជាង១៧លាននាក់។ ចំណែកកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក៏មានកាតព្វកិច្ចការពារសេចក្ដីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចគ្នាដែរ»។

លោកបន្ដថា រាជរដ្ឋាភិបាល តែងតែស្ដាប់មតិរបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ ដោយមិនបានបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ ប៉ុន្ដែក្នុងករណីមានមនុស្សមួយក្រុមតូច មានចេតនាមកបំផ្លាញសុខសន្ដិភាព មកផ្ដួររំលំរាជរដ្ឋាភិបាលនោះ ចាំបាច់ណាស់រាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។

សូមរំលឹកថា នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ ៕

To Top