ព័ត៌មានជាតិ

លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ពីការកសាងសមត្ថភាពវិស្វករ នៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះ​បណ្ដាលស្ដីពី «ការកសាងសមត្ថ​ភាពវិស្វករ​នៅ​បណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា (BEC) ដែលជាស្ថាបនិកយុទ្ធសាស្រ្តចតុកោណ ដែលបានកែប្រែមុខមាត់កម្ពុជា ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម។ នៅក្នុងបេសសកម្មដ៏សំខាន់នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បាននិងកំពុងបន្តជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឱ្យក្លាយ​ជា​ប្រទេសមានប្រាប់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងបេសកកម្មនេះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល និតិកាលទី៧នេះ ហើយត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ជាពិសេសរាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើការអភិវឌ្ឍគុណភាពធនធានមនុស្ស ក៏ដូចជាគុណភាព សមត្ថភាពវិស្វករដែលជាសសរស្ដម្ភដ៏សំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍស្ថេរភាពសេដ្ឋកិច្ចសង្គម។

លោកមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទទួល​ស្គាល់គ្នា ទៅ​វិញទៅ​មករបស់អាស៊ាន (MRAs) ស្តីពីសេវាកម្មវិស្វកម្មដែលចុះហត្ថលេខាដោយលោកចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជក​ម្មអាស៊ានកាលពីឆ្នាំ ២០០៥ និងជាគំនិតផ្តួចផ្តើមស្របគ្នារបស់មូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដើម្បីឱ្យវឌ្ឍនភាពបច្ចេកវិទ្យារីកចំរើនបានឆាប់រហ័ស។

លោករដ្ឋមន្រ្តីបន្តថា កម្មវិធីបណ្តុះបណ្តាលទាំងនេះ សម្របតាមតម្រូវការវិវត្តន៍នៃឧស្សាហកម្មផ្សេងៗ ដោយធានា​ដល់​តម្រូវការចាំ​បាច់​ជំនាញ​វិស្វកររបស់យើងក្នុងការប្រកួតប្រជែង សម្រាប់យុគសម័យនៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ។ តាមរយៈ​ការជំរុញ​ការ​សិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងមានការប្តេជ្ញាចិត្តក្នុងការកសាងវិស្វករដែលមានភាពធន់ និងជំនាញ​ជាន់ខ្ពស់​ដែលអាច​សម្រ​បខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍ តាមរយៈការពង្រីកកម្លាំងការងារ វិស្វកម្មចល័តក្នុងតំបន់។

នៅក្នុងកម្មវិធីនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទី​យ៉ាងសំខាន់ក្នុងការជំរុញ ការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាស​ផ្សេងៗទាក់​ទងនឹង កម្មវិធី​បណ្ដុះ​បណ្ដាលសមត្ថភាពវិស្វករ លើកកម្ពស់វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព៕

To Top