បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំបូន្មានដល់កូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃនឹងប្រឈមមុខនឹង ការងារដ៏លំបាក ប៉ុន្តែដោយភាពរាបសារដែលគាត់ជឿថា នឹងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកថាក់ស៊ីនបាននិយាយអំពី ការគាំទ្ររបស់លោកចំពោះកូនពៅ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេ របស់ប្រទេសកាលពីថ្ងៃអាទិត្យ ខណៈដែលលោកស្រីបានទទួលការ យល់ព្រមពីព្រះមហាក្សត្រជាផ្លូវការ សម្រាប់តំណែងនាយករដ្ឋមន្ត្រី។
លោក ថាក់ស៊ីន បាននិយាយថា “នាងដឹងថានាងនឹងនឿយហត់ ត្រូវតែលះបង់ខ្លួនឯង ហើយត្រូវតែមានកិច្ចសហការពីគ្រប់ភាគី… កាលពីមុន ខ្ញុំបានឈរនៅមុខនាង ហើយនាងនៅពីក្រោយខ្ញុំ។ ថ្ងៃនេះនាងឈរនៅពីមុខខ្ញុំ ហើយខ្ញុំនៅខាងក្រោយ” ។
គាត់បាននិយាយថា លោកស្រី ផែតងតាន អាចទូរស័ព្ទទៅគាត់ដើម្បីសុំយោបល់ របស់គាត់លើគ្រប់បញ្ហា ប៉ុន្តែគាត់នឹងមិនផ្តល់ការគាំទ្រ ផ្នែកនយោបាយណាមួយដល់គាត់ទេ ពីព្រោះ “ខ្ញុំចាស់ហើយ។ ឥឡូវនេះខ្ញុំមានអាយុ ៧៥ ឆ្នាំហើយ” ។
លោក ថាក់ស៊ីន បាននិយាយថា លោកនឹងគ្មានអ្វីពាក់ព័ន្ធនឹង ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ លោកថា បញ្ហានេះជាការទទួលខុសត្រូវ របស់លោកនាយករដ្ឋមន្ត្រី។
លោកស្រី ផែតងតាន បាននិយាយថា លោកស្រីនឹងស្វែងរកដំបូន្មានពីលោកថាក់ស៊ីន ដរាបណាវាសមរម្យដើម្បីធ្វើដូច្នេះ ហើយនឹងមិននាំឱ្យមាន បញ្ហាផ្លូវច្បាប់ណាមួយឡើយ។
លោកស្រីបាននិយាយថា “ការងារដ៏ធំនេះមិនអាចសម្រេច បានដោយមនុស្សតែម្នាក់ទេ… ដូច្នេះខ្ញុំត្រូវតែស្វែងរកដំបូន្មាន ពីអ្នកដែលមានបទពិសោធន៍ទាំងអស់ ដើម្បីឲ្យការឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីមានអត្ថន័យ និងអាចអនុវត្តគោលនយោបាយឲ្យ បានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីផលប្រយោជន៍ជាតិ” ៕
ប្រែសម្រួលៈ ណៃ តុលា