ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។
អនុស្សរណៈដែលមានរយៈពេល ៤ឆ្នាំនេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។
លោក ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់សិល្បករដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាពនៃក្រុមគ្រួសារសិល្បករបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករជួយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីថែទាំសុខភាពតាមរយៈភាគទានស្ម័គ្រចិត្ត និងការចូលរួមប្រយុទ្ធប្រឆាំងចំពោះពលកម្មកុមារគ្រប់ទម្រង់ជាដើមដែលជាសកម្មភាពមនុស្សធម៌ដែលគ្រប់កោសិកាសង្គមត្រូវចូលរួម។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីសម្រេចបាន នូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕