ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅប៉ាគីស្ថាន មានរហូតដល់ ២១៥នាក់ហើយ

ឥស្បាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានរាយការណ៍មកថា យ៉ាងហោចណាស់មានមនុស្សចំនួន ២១៥នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន គិតមកទល់ពេលនេះគឺស្ថិតក្នុងរដូវវស្សា ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២០នាក់ គិតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។

អាជ្ញាធរ NDMA បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា មានមនុស្សសរុបចំនួន ៤៣នាក់ ត្រូវបានគេរាយការណ៍មកថា បានរងរបួសគិតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខណៈចំនួនអ្នករងរបួសនៅក្នុងរដូវវស្សានេះចាប់ផ្តើមពីខែកក្កដាបានកើនឡើងដល់ ៤០៥នាក់ ហើយ ។

របាយការណ៍បានដាក់ថា ពេញមួយរដូវនេះ អ្នកស្លាប់ រួមមានកុមារចំនួន ១០៨នាក់ និងស្ត្រីចំនួន ៣២នាក់ ។

ខេត្ត Punjab ដែលស្ថិតនៅភាគខាងកើត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមានអ្នកស្លាប់ចំនួន ៨៦នាក់ បន្ទាប់មក គឺខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ មានអ្នកស្លាប់ចំនួន ៦៥នាក់ និងខេត្ត Sindh ស្ថិតនៅភាគខាងត្បូង ដែលមានអ្នកស្លាប់ ៣៧នាក់ ។

អាជ្ញាធរបានឲ្យដឹងទៀតថា មនុស្សចំនួន ១៨នាក់ ត្រូវបានស្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតី និងចំនួន ៥នាក់ ត្រូវបានស្លាប់នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងចំនួន ៤នាក់ បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ដែលស្ថិតនៅភាគខាងជើងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top