ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមកម្ពុជា នាពេលកន្លងមក។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន (Xiamen City) នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងជំនួបនារសៀលនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមកម្ពុជានាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្នុងរយៈពេល ៦៦ឆ្នាំ មកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗ និងបន្តរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ ដោយប្រមុខដឹកនាំបច្ចុប្បន្ន បានជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ទើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការ បានយកឱកាសនេះជម្រាបជូនអំពី បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ របស់ទីក្រុងស៊ែមិនដែលជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ៤ដំបូង របស់ប្រទេសចិន។
លោក បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ វិស័យកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា អាស្រ័យដោយ ខេត្ត និងក្រុងទាំងពីរ មានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋានយកទៅពិនិត្យលទ្ធភាពផងដែរ៕