ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស្ស នៅក្នុងសប្តាហ៍នេះ

បរទេស៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្សក្នុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក Li ធ្វើឡើងនៅពេលដែលចិន និងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា “ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ី បានលុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ ហើយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងស្ថិរភាព” ។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក Li ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ គឺនឹងរួមបញ្ចូល “កិច្ចប្រជុំទៀងទាត់លើកទី ២៩ រវាងប្រមុខរដ្ឋាភិបាលចិន និងរុស្ស៊ី” ។

លោកស្រី Mao បាននិយាយថា លោក Li គ្រោងនឹង “ផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួម” នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី Mikhail Mishustin ។ ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្សី និងចិន គឺកាន់តែខិតជិតគ្នាចាប់តាំងពីទីក្រុងមូស្គូលុកលុយអ៊ុយក្រែនមក ដែលទីក្រុងប៉េកាំងមិនដែលថ្កោលទោស។

ប្រទេសចិនបង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថា ខ្លួនមិនបញ្ជូនជំនួយធុនធ្ងន់ទៅភាគីណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top