ព័ត៌មានជាតិ

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន បញ្ចេញថវិកាជាង ២ពាន់លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់ពលរដ្ឋ ជំរុញចលនាសេដ្ឋកិច្ចក្នុងស្រុក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដើម្បីអាចឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន អាចបញ្ចេញសាច់ប្រាក់ ជាង២៣០០លានដុល្លារ​បន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់អាជីវករ សហគ្រាស និងប្រជាពលរដ្ឋ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចក្នុងស្រុក ។

ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ អំពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នារាត្រីថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុកចំណាយរបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ ចូលក្នុងទីផ្សារ ជាលទ្ធផល នៅក្នុងទិសដៅធានាបាន នូវសាច់បា្រក់គ្រប់គ្រាន់​នៅក្នុងទីផ្សារ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារ​បន្ថែមទៀត” ។

ស​ម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា “ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចធនាគារជាតិ បានសម្រេចអនុញ្ញាតិ ឱ្យបន្តគោលការណ៍នេះ (កាត់បន្ថយអត្រាប្រាក់បំបម្រុង កាតព្វកិច្ចជារូបិយប័ណ្ណ របស់គ្រឹះស្ថានធនាគារ ពី៩%មកនៅត្រឹម៧%) រហូតដល់ចុងឆ្នាំ២០២៥ ។ បន្ថែមលើនេះ ធនាគារជាតិ ក៏បានឯកភាព សម្រាប់ពីនេះទៅមុខ, ទី១. បន្ធូរបន្ថយបទបញ្ញត្តិពាក់ព័ន្ធនឹងការចាត់តាំង ថ្នាក់ហានិភ័យឥណទានបច្ចុប្បន្ន របស់ធនាគារជាតិកម្ពុជា ដោយអនុញ្ញាឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ ឥណទានមានប្រវត្តិសងត្រឡប់ទៀងទាត់ ជូនអតិថិជនបានចំនួន២លើក ដោយមិនចាំបាច់ធ្វើចំណាត់ថ្នាក់ មកជាឥណទានមិនល្អ រហូតដល់ដំណាច់ឆ្នាំ២០២៥” ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា សម្រាប់អ្នកដែលជាប់ឥណទានជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន អាចស្នើសុំធ្វើឥណទានឡើងវិញចំនួន២ដង ដោយមិនប៉ះពាល់ប្រវត្តិឥណទានឡើយ ឬហៅម៉្យាងទៀតថា មិនខូច CBC ៕

To Top