ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើទីតាំងយោធាចំនួន ១១ របស់អ៊ីស្រាអែល

RT News

បរទេស៖ ក្រុមសកម្មប្រយុទ្ធឥស្លាម ហេសបូឡា បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការស្លាប់ របស់មេបញ្ជាការកំពូល របស់ខ្លួនគឺលោក Fouad Shukr ដែលត្រូវបានសម្លាប់ នៅក្នុងការវាយ ប្រហារតាមអាកាសលើទីក្រុង បេរូត ប្រទេសលីបង់ កាលពីខែមុន ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការ វាយប្រហារទុកជាមុន ប្រឆាំងនឹងកងជីវពលដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីបានសន្និដ្ឋានថា ការវាយប្រហារ នឹងកើតមាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ទៅកាន់ ទីតាំងយោធាអ៊ីស្រាអែលចំនួន ១១ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានចេញ ផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ រួមទាំងកន្លែង នៅក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយ អ៊ីស្រាអែលផងដែរ។ ក្រុមនេះបានបន្ថែមថា ការវាយប្រហារ បានកើតឡើង “នៅក្នុងក្របខ័ណ្ឌ នៃការឆ្លើយតបដំបូង ចំពោះការឈ្លានពានរបស់ពួក Zionist ដ៏ឃោរឃៅនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត” ដែល លោក Shukr ត្រូវបានសម្លាប់។

អ៊ីស្រាអែលបានអះអាងមុននេះថា ខ្លួនបានកំណត់គោល ដៅលើលោក Shukr ដោយសារតែគាត់ទទួលខុសត្រូវ ចំពោះការបាញ់បាញ់ផ្លោង យ៉ាងសាហាវលើទីលានបាល់ទាត់ក្នុងតំបន់ Golan Heights ដែលបានសម្លាប់អនីតិជនចំនួន ១២នាក់។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបើកការវាយប្រហារទុកជាមុនលើក្រុម ហេសបូឡា បន្ទាប់ពីកំណត់អត្តសញ្ញាណ “ការរៀបចំយ៉ាងទូលំទូលាយ” ដោយក្រុមនេះដើម្បីបើកការវាយប្រហារ។ វាបាននិយាយថាយន្តហោះ អ៊ីស្រាអែលប្រហែល ១០០គ្រឿង “បានវាយប្រហារ និងបំផ្លាញធុងបាញ់រ៉ុក្កែត របស់ក្រុមនេះរាប់ពាន់គ្រាប់” នៅភាគខាងត្បូង ប្រទេសលីបង់ ដោយបានបញ្ចេញវីដេអូ នៃការទម្លាក់គ្រាប់ បែកដ៏ខ្លាំងក្លាមួយ។

វាក៏បានប៉ាន់ប្រមាណ ផងដែរថា គ្រាប់រ៉ុក្កែតចំនួន ២១០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២០គ្រឿង ត្រូវបានបាញ់ បង្ហោះ ទៅកាន់គោលដៅរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យរបស់ IDF លោក Daniel Hagari បាននិយាយថា “យើងបានរារាំងភាគច្រើន នៃការវាយប្រហារ ដែលបានគ្រោងទុករបស់ក្រុមហេសបូឡា ហើយយើងបានស្ទាក់ចាប់ ការគំរាមកំហែង ជាច្រើនដែលបានធ្វើឡើងមកលើអ៊ីស្រាអែល” ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top