ប៉េកាំង៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នឹងចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសចិន ក្នុងតួនាទីបច្ចុប្បន្នរបស់លោកនៅថ្ងៃអង្គារនេះ សម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្រ្តថ្មីមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយផ្សេងទៀតសម្រាប់ប្រជាជាតិទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព និងស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកល។
ដំណើរទស្សនកិច្ចរបស់លោក Sullivan គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទ្វេភាគីដ៏ទូលំទូលាយ ដើម្បីអនុវត្តការឯកភាពគ្នាដែលប្រមុខរដ្ឋទាំងពីរគឺប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានដល់ក្នុងកិច្ចប្រជុំកំពូល សាន់ហ្វ្រាន់ស៊ីស្កូ កាលពីឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀតដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen ដែលបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ទោះបីជាទំនាក់ទំនងចិន-អាមេរិក បានបង្ហាញសញ្ញានៃស្ថិរភាពបន្ទាប់ពីកិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូ ភាពតានតឹងយ៉ាងជ្រៅនៅតែមាន។ មូលហេតុឫសគល់ គឺស្ថិតនៅក្នុងការយល់ឃើញខុស ដែលធ្វើឡើងដោយអ្នកនយោបាយអាមេរិកមួយចំនួន ដែលចាត់ទុកប្រទេសចិន ជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែង និងជា “បញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលផលវិបាកបំផុត” ។
ទស្សនៈខុសឆ្គងទាំងនេះបានជំរុញឱ្យមានសកម្មភាពអាក្រក់ជាបន្តបន្ទាប់ រួមទាំងការរឹតបន្តឹងពាណិជ្ជកម្មកាន់តែខ្លាំង ការដកផ្នែកបច្ចេកវិទ្យា និងសមយុទ្ធយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅពេលដែលលោក Sullivan ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក វាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់ថា ការសន្ទនាតែម្នាក់ឯងនឹងមិនធ្វើឱ្យមានគម្លាតរវាងប្រទេសទាំងពីរ ជាពិសេសនៅពេលដែលគោលនយោបាយផ្ទុយគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា