ព័ត៌មានអន្តរជាតិ

អាមេរិក៖ ផ្ទុះកង់យន្តហោះ Boeing បណ្តាលឱ្យស្លាប់កម្មករ២នាក់ និងម្នាក់ទៀតរបួសធ្ងន់

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា សំបកកង់របស់យន្តហោះ Boeing បានផ្ទុះ បណ្តាលឱ្យកម្មករពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅឯអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះ Boeing 757-232 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines កំពុងដំណើរការជួសជុលនៅឃ្លាំង Delta Technical Operations Maintenance (Delta TechOps) ចាប់តាំងពីថ្ងៃអាទិត្យ។ គេនៅមិនទាន់ដឹងថាអ្វីដែលបណ្តាលឱ្យមានការផ្ទុះនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព FOX 5 Atlanta , សំបកកង់យន្តហោះ គឺត្រូវបានដកចេញពីយន្តហោះរួចហើយនៅពេលនោះ។

យោងតាមទូរទស្សន៍ក្នុងស្រុក WSB-TV បានឱ្យដឹងថា ការបំផ្ទុះនេះ “គឺមានដុំដែកមួយហោះដូចមីស៊ីល” ដោយបានសម្លាប់បុគ្គលិកពីរនាក់ភ្លាមៗ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយរបួសធ្ងន់។

ការិយាល័យពិនិត្យសុខភាពរបស់ The Clayton County បានកំណត់អត្តសញ្ញាណជនរងគ្រោះថា Mirko Marweg អាយុ ៥៨ ឆ្នាំ និង Luis Aldarondo អាយុ ៣៧ ឆ្នាំ។

ប្រធាន និងជាប្រធានប្រតិបត្តិការ Delta TechOps លោក John Laughter បានបញ្ជាក់ពីការស្លាប់របស់សមាជិកក្រុមពីរនាក់។ Laughter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់ការគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះ និងសន្យាថា នឹងមានការស៊ើបអង្កេតលើឧប្បត្តិហេតុ។ លោក “គួរឱ្យសោកស្ដាយ សមាជិកក្រុមរបស់យើងពីរនាក់បានបាត់បង់ជីវិត ហើយសមាជិកក្រុមម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top