ព័ត៌មានជាតិ

សហជីពនៅកម្ពុជា អំពាវនាវឱ្យកម្មករ និងជនរួមជាតិចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវដល់កម្មករនិយោជិត និងជនរួមជាតិទាំងអស់ ចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយស្ម័គ្រចិត្តដើម្បីបណ្តុះស្មារតីជាតិនិយម រួមចំណែកក្នុងការការពារបូរណភាពទឹកដី។

លោកប៉ាវ ស៊ីណា បានលើកឡើងថា ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈគាំទ្រមូលនិធិនេះ គឺជាការឈឺឆ្អាល និងខ្វល់ខ្វាយរឿងសង្គមជាតិ។ ការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នេះមិនមែនជាការគាបសង្កត់ ឬជញ្ជក់ឈាមរាស្ត្រដូចមតិមួយចំនួនលើកឡើងនោះទេ។ ជាក់ស្តែងប្រជាពលរដ្ឋគ្រប់ភាគីទាំងអស់ ផុសផុល សកម្មចូលរួមក្នុងមូលនិធិនេះគ្មានអ្នកមានអំណាច បុគ្គលឬក្រុមណាមួយបង្ខិតបង្ខំដាក់សម្ពាធក្នុងការចូលរួមឡើយ។

លោកថ្លែងថា៖ «ខ្ញុំគិតថា វាជាឱកាសដែលពលរដ្ឋយើងទាំងអស់ ក៏ដូចជាបងប្អូន កម្មករ កម្មការិនីទាំងអស់ត្រូវបង្ហាញពីចលនាជាតិនិយម។ ដូចគ្នាដែរ ធ្វើម៉េចចូលរួមបរិច្ចាគជាមួយមូលនិធិនេះតាមលទ្ធភាពរៀងៗខ្លួន មិនមានការបង្ខិតបង្ខំទេ ដើម្បីបង្ហាញពីទឹកចិត្តរបស់ពួកយើងក្នុងការឈឺឆ្អាលរឿងសង្គមជាតិរបស់យើង» ។ 

លោកប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា អ្នកមានទស្សនៈប្រឆាំងបើទោះបីជារដ្ឋាភិបាលបានល្អយ៉ាងណាក៏ដោយក៏ពួកគេមើលមិនឃើញ និងមិនយល់ស្របនោះដែរ ប៉ុន្តែក្នងនាមលោកមានជំហរឯករាជ្យមើលឃើញថាអ្វីដែលរដ្ឋាភិបាលបានធ្វើគឺជារឿងត្រឹមត្រូវ៕

To Top