ព័ត៌មានជាតិ

លោក ឃួង ស្រេង​ ណែនាំ មន្ត្រីក្រោមឱវាទ ត្រូវបំពេញការងារ ជូនរាជរដ្ឋាភិបាល និងពលរដ្ឋឱ្យអស់កម្លាំងកាយចិត្ត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវបំពេញការងារ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើអោយបានល្អ ធ្វើអោយគេកោតសរសើរ។

ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក ហូរលីម ពីនាយករង មកជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា “ក្នុងនាមជាមន្ត្រីបំរើរាស្រ្ត មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារ បំរើប្រជាពលរដ្ឋអោយបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូបក៏ចែកគ្នាហូប។ ចំពោះការងារត្រូវថ្លឹងថ្លែងអោយបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់” ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាល់ការងារនៅថ្នាក់ខណ្ឌ ដាច់ខាតត្រូវរាយការណ៍មក នាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែលនាយករដ្ឋបាលរាជធានីភ្នំពេញ ដាក់អោយខណ្ឌអនុវត្ត ត្រូវអនុវត្ត។ ខណ្ឌទាំង១៤ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាតដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោក ឃួង ស្រេង ក៏បានបង្ហើបអោយដឹងដែរថា នៅមានមន្ត្រីប៉ូលីសមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកអោយពលរដ្ឋទេ ចាំយកផលប្រយោជន៍ ពីប្រជាពលរដ្ឋ ការងារនេះបើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកអោយនៅទេ បើដឹងត្រូវកែខ្លួនជាបន្ទាន់ ត្រូវអនុវត្តការងារ កែទម្រង់ស៊ីជម្រៅហើយ។

ក្នុងឱកាសនោះ លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបំរើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាព អោយបាន ទោះបីក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាចាត់ចែងការងាររដ្ឋបាល អោយបានល្អប្រសើរស្របតាមច្បាប់។ចូលរួមសហការនិងលើកកំពស់សាមគ្គីភាពផ្ទៃក្នុង អោយបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ ៤យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សាធារណៈ៕

To Top