ព័ត៌មានអន្តរជាតិ

កាតាថ្កោលទោស ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ West Bank

AFP

ដូហា៖ ក្រសួងការបរទេសរបស់ ប្រទេសកាតាបានថ្កោលទោស ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួនរបស់ខ្លួន នៅភាគខាងជើងតំបន់ West Bank ។

ក្រសួងបានពណ៌នាប្រតិបត្តិការនេះថាជា “ឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឱ្យរន្ធត់ និងជាការរំលោភលើដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “ផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីន នូវការការពារជាចាំបាច់ និងធ្វើឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន” ដោយជំរុញឱ្យបញ្ចប់ “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌អន្តរជាតិ” ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់កាតា ចំពោះបុព្វហេតុប៉ាឡេស្ទីន ដោយតស៊ូមតិដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ដែលមានយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

ចាប់តាំងពីថ្ងៃពុធមក អ៊ីស្រាអែលបានធ្វើការវាយឆ្មក់ ទ្រង់ទ្រាយធំនៅទូទាំងភាគខាងជើងតំបន់ West Bank ដោយបញ្ជាក់ថា ប្រតិបត្តិការនេះមានគោលបំណង ការពារការវាយប្រហារនាពេលអនាគត ប្រឆាំងនឹងអ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top