បរទេស៖ រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រិចទ័រ បានវាយប្រហារនៅជិតតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដែលមានប្រជាជនតិចតួចនៅថ្ងៃចន្ទ ដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ។ រដ្ឋបាលអាកាសធាតុ បាននិយាយថា វាមានជម្រៅ ២៣,៩គីឡូម៉ែត្រ។
កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វ នៃស្រទាប់ថ្មដ៏ធំចំនួនពីរ ហើយងាយនឹងមានការរញ្ជួយដី។
កាលពីខែមេសា ទីក្រុង Hualien ត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំបំផុត ដែលប៉ះពាល់ដល់កោះតៃវ៉ាន់ ក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ ឆ្នាំ។ មនុស្ស៩នាក់បានស្លាប់ និងជាង៩០០នាក់បានរងរបួស ហើយមានការរញ្ជួយ ដីរាប់ពាន់ដងចាប់តាំងពីពេលនោះមក ។
មនុស្សជាង ១០០ នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងត្បូង តៃវ៉ាន់ក្នុងឆ្នាំ ២០១៦ ខណៈដែលការរញ្ជួយដីកម្រិត 7.3 រ៉ិចទ័របានសម្លាប់មនុស្សជាង ២.០០០ នាក់ក្នុងឆ្នាំ ១៩៩៩៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									