ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៤០,៩៣៩នាក់

xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៩៣៩នាក់។

ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៦១នាក់ និងរបួស ១៦២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៩៣៩ នាក់ និងរបួសដល់ ៩៤,៦១៦នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា មនុស្ស ៨នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការដែលអ៊ីស្រាអែល កំណត់គោលដៅវាយប្រហារទៅលើសាលា Halima al-Sa’diyya ក្នុងតំបន់ចាបាឡៀ ភាគខាងជើងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់មួយលើពួកសកម្មប្រយុទ្ធ ដែលកំពុងប្រតិបត្តិការនៅខាងក្នុងបញ្ជាការ និងបរិវេណត្រួតពិនិត្យរបស់ក្រុមហាម៉ាស់ ដែលបានបង្កប់នៅក្នុងសាលារៀន Halima al-Sa’diyya ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “បរិវេណនេះត្រូវបានប្រើប្រាស់ដោយពួកភេរវករហាម៉ាស់ ដើម្បីរៀបចំផែនការ និងអនុវត្តប្រតិបត្តិការភេរវករប្រឆាំងនឹងកងទ័ព IDF និងរដ្ឋអ៊ីស្រាអែល” ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បាននិងកំពុងធ្វើសង្រ្គាមទ្រង់ទ្រាយធំនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់ លើទីប្រជុំជនអ៊ីស្រាអែល ដែលនៅជាប់នឹងតំបន់នោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top