ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញ សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រ បន្ថែមប្រវែង២៥៣ម៉ែត្រ

ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

ពិធីសម្ពោធនាថ្ងៃនេះ គឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅ ក្រោមវត្តមាន ដ៏ឧត្តុង្គឧត្តមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយលើកទី១ គឺពិធីបើកការដ្ឋានសាងសង់ចំណត ផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ គឺពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ។

ទន្ទឹមនឹងនេះ ពិធីដែលកំពុងប្រារព្ធឡើងនាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញឱ្យឃើញ នូវសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរីកចម្រើន របស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និង បច្ចុប្បន្ន ដែលបានគាំទ្រ និងចង្អុលបង្ហាញជាទិសដៅយុទ្ធសាស្ត្រ នៅក្នុងការអនុវត្ត ឱ្យសម្រេចចេញ ជាផ្លែផ្កានៃសមិទ្ធផលជាតិ ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍចំណតផែ កុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការ សាងសង់ជាស្ថាពរ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាមេរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រមាណ ១០លានដុល្លារអាមេរិក, ថវិការបស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាមេរិក រួមទាំងថវិកាបដិភាគមួយចំនួន របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយ ពន្ធអាករផ្សេងៗ ៕

To Top