ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅបង់ក្លាដេស បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៦នាក់ ខណៈមនុស្សជាច្រើននាក់ កំពុងធ្វើការជម្លៀសខ្លួនចេញ

AFP

ដាកា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់ និងផ្ទះសម្បែងជាច្រើនខ្នងបានរងការខូចខាត នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើង ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ជាច្រើនកន្លែង នៅក្នុងស្រុក Cox’s Bazar ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដេស ។

លោក Mohammad Shamsuddouza Nayan ស្នងការផ្តល់ជំនួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ បានលើកឡើងថា គ្រោះបាក់ដីដ៏ធំមួយបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងជំរុំជនភៀសខ្លួននៅក្នុងស្រុក Cox’s Bazar ដែលស្ថិតនៅចម្ងាយប្រហែល ៣៩២គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង ដាកា  ។

លោកបានបញ្ជាក់ថា សមាជិកចំនួន ៣នាក់នៃគ្រួសាររ៉ូហ៊ីងយ៉ា បានស្លាប់ដោយសារគ្រោះបាក់ដី នេះនៅជំរុំរ៉ូហ៊ីងយ៉ា Hatikumrul-14 នៅក្នុងស្រុកខាងលើដែលឥឡូវនេះ ជាជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១លាននាក់ ។ ពួកគេភាគច្រើនរស់នៅតាមជម្រាលភ្នំ ហើយគ្រោះបាក់ដីបានបំផ្លាញខ្ទម យ៉ាងហោចណាស់ចំនួន៣នៅក្នុងជំរុំនោះ ។

នៅតំបន់ភ្នំដាច់ស្រយាលនៃស្រុក Cox’s Bazar មនុស្ស៣នាក់ទៀត ត្រូវបានគេរាយការណ៍មកថា បានស្លាប់កាលពីព្រឹកថ្ងៃសុក្រ នៅគ្រាដែលជញ្ជាំងផ្ទះរបស់ពួកគេ បានដួលរលំនៅក្នុងពេលមានគ្រោះបាក់ដីកើតឡើង ។

អាជ្ញាធរកំពុងធ្វើការដើម្បីជម្លៀស អ្នកដែលនៅតែរស់នៅតាមជម្រាលភ្នំ ដែលមានហានិភ័យខ្ពស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top