ព័ត៌មានជាតិ

ឥណ្ឌា បញ្ជូនជំនួយទៅប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលរងគ្រោះដោយទឹកជំនន់ ជាមួយនឹងយន្តហោះដឹកជញ្ជូនធុនធំ C-17 Globemaster

បរទេស៖ ប្រទេសឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការ Sadbhav ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយ (HADR) ដល់ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ។

យោងតាមសារព័ត៌មាន The Hindu ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) បានប្រកាសថា ប្រទេសឥណ្ឌាបានសន្យាផ្តល់ជំនួយសង្គ្រោះទឹកជំនន់ចំនួន ១លានដុល្លារដល់ប្រទេសវៀតណាម និងជំនួយចំនួន ១០០.០០០ ដុល្លារដល់ប្រទេសឡាវ។ បន្ទាប់ពីរឿងនេះ កងទ័ពជើងទឹកឥណ្ឌា និងកងកម្លាំងអាកាសឥណ្ឌា (IAF) បានផ្លាស់ប្តូរសកម្មភាពដាក់ពង្រាយកប៉ាល់ និងយន្តហោះ ដើម្បីដឹកជញ្ជូនជំនួយ។

ក្រសួងកិច្ចការបរទេសឥណ្ឌា បានឱ្យដឹងថា “ដោយបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi ឥណ្ឌាកំពុងបញ្ជូនជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា វៀតណាម និងឡាវ។ ជំនួយចំនួន ១០ តោន រួមទាំងអាហារស្ងួត សំលៀកបំពាក់ និងថ្នាំពេទ្យដែលបានចាកចេញទៅប្រទេសមីយ៉ាន់ម៉ានៅលើយន្តហោះ INS Satpura នៅថ្ងៃទី ១៥ ខែកញ្ញា។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar បាននិយាយនៅលើបណ្តាញសង្គម ‘X’ថា កងកម្លាំងអាកាសឥណ្ឌា (IAF) កំពុងនាំយកជំនួយចំនួន ៣៥ តោន ដែលរួមមានរបស់របរបន្សុទ្ធទឹក ធុងទឹក ភួយ ប្រដាប់ផ្ទះបាយ ពន្លឺព្រះអាទិត្យសម្រាប់ប្រទេសវៀតណាម។ ជំនួយ ១០តោន រួមមាន ម៉ាស៊ីនភ្លើង សម្ភារៈបន្សុទ្ធទឹក ការផ្គត់ផ្គង់អនាម័យ មុង ភួយ ផ្ញើទៅប្រទេសឡាវ” ។

IAF បានដាក់ពង្រាយយន្តហោះ C-17 Globemaster របស់ខ្លួនសម្រាប់ប្រតិបត្តិការ HADR ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម និងឡាវ។ មន្ត្រី IAF ម្នាក់បាននិយាយថា ការផ្ទុក និងការសម្របសម្រួលយ៉ាងរហ័ស និងមានប្រសិទ្ធភាព ត្រូវបានអនុវត្តដោយក្រុមយន្តហោះដឹកជញ្ជូន C-17 នៅស្ថានីយ៍ទ័ពអាកាស Hindan ។ “យន្តហោះ C-17 ដែលត្រូវបានគេស្គាល់ថាសម្រាប់សមត្ថភាពដឹកទំនិញដ៏ធំ និងសមត្ថភាពហោះរយៈចម្ងាយឆ្ងាយ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារៈសង្គ្រោះ ការផ្គត់ផ្គង់ចាំបាច់ និងបុគ្គលិកទៅកាន់តំបន់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។

ដោយកត់សម្គាល់ថា តំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi ដែលមានប្រភព មកពីសមុទ្រចិនខាងត្បូង កងទ័ពជើងទឹកបានចាប់ផ្តើមការត្រៀមលក្ខណៈដើម្បីផ្តល់ជំនួយ HADR ៕
ប្រែសម្រួលៈ ណៃ តុលា

To Top