ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោក ថងលូន ស៊ីស៊ូលីត( Thongloun Sisoulith ) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះការបាត់បង់ ខូចខាតធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ ព្យុះ ទីហ្វុង យ៉ាហ្គី។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខ ជូន លោក ថងលូន ស៊ីស៊ូលីត( Thongloun Sisoulith ) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់នូវការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី នៅក្នុងខេត្តភាគខាង ជើងនៃប្រទេសឡាវ និងវិធានការបន្ទាន់នានា ដែលត្រូវបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ឆ្លើយតបទៅនឹងការកើនឡើង កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ។
សម្ដេចបន្ថែមថា អ្វីដែលជាការព្រួយបារម្ភខ្លាំង គឺ ស្ថានភាពទឹកជំនន់នៅក្នុង ខេត្តហ្លួងណាំថា ដែលមានភូមិចំនួន ៣៥ និង តំបន់សេដ្ឋកិច្ចពិសេសត្រូវបានជន់លិច បណ្តាលឱ្យមានការបាត់បង់អាយុជីវិត១នាក់ និងមានការ ជម្លៀសមនុស្សចេញពីមន្ទីរពេទ្យ។
ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ តាងនាមប្រជាជនកម្ពុជា សម្ដេចសូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកស្តាយ និងសេចក្តីអាណិតអាសូរជាពន់ពេក ចំពោះ លោក ថងលូន ស៊ីស៊ូលីត និងតាមរយៈ លោក ថងលូន ស៊ីស៊ូលីត ជូនដល់ក្រុមគ្រួសារនៃជន រងគ្រោះ ក៏ដូចជារដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទាំងអស់ ចំពោះការបាត់បង់ទាំងនេះ។
សម្ដេចតេជោ សូមសម្តែងនូវសាមគ្គីភាព ជាមួយប្រជាជនឡាវ ដែលជាអ្នកជិតខាងរបស់ កម្ពុជា នៅក្នុងអំឡុងពេលដ៏លំបាកនេះ។ សម្ដេចមានទំនុកចិត្តលើវិធានការការពារនិងសង្គ្រោះ ដែលកំពុងត្រូវ បានអនុវត្ត ហើយសូមជូនពរប្រទេសឡាវឱ្យបានស្ដារឡើងវិញពីគ្រោះមហន្តរាយធម្មជាតិនេះ ក្នុងពេលដ៏ ខ្លីខាងមុខនេះ។
ដោយឡែក សារលិខិតចូលរួមរំលែកទុក្ខ ផ្ញើជូនឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញ ដែលបង្កដោយព្យុះទីហ្វុង យ៉ាហ្គី នៅជុំវិញរដ្ឋធានីណៃពិដោ រួមទាំងការបាត់បង់អាយុជីវិតប្រជាជន ការរងរបួស ការខូចខាតយ៉ាង ដំណំឬការបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការជម្លៀសប្រជាជនជាច្រើនគ្រួសារ។
ក្នុងពេលវេលាដ៏សែនសោកសៅនេះ សម្ដេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាទីបំផុតចំពោះឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing និង តាមរយៈ ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ជូនដល់គ្រួសារនៃជនរងគ្រោះ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនទាំងអស់នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះការបាត់បង់ទាំងនេះ។
សម្ដេច សូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បាន ទៅដល់សុគតិភព និងសូមជូនពរអ្នករងរបួស ឆាប់ជាសះស្បើយ ហើយប្រទេសមីយ៉ាន់ម៉ាត្រូវបានស្ដារ ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕